42 ស្តេចទ្រង់ក៏ចាត់គេឲ្យទៅហៅស៊ីម៉ាយមក មានព្រះបន្ទូលសួរថា តើយើងមិនបានឲ្យឯងស្បថដោយនូវព្រះយេហូវ៉ាទេឬអី តើមិនបានប្រាប់បញ្ជាក់ដល់ឯងឲ្យដឹងជាប្រាកដថា នៅថ្ងៃណា ដែលឯងនឹងចេញដំណើរ ទៅឯស្រុកដទៃណាមួយ នោះឯងនឹងត្រូវស្លាប់ជាមិនខានទេឬអី ហើយឯងបានទទួលព្រមថា ព្រះបន្ទូលនៃទ្រង់ ដែលទូលបង្គំបានឮនេះល្អណាស់ដែរ
43 ដូច្នេះ ហេតុអ្វីបានជាឯងមិនបានកាន់តាមសម្បថនៃព្រះយេហូវ៉ា នឹងសេចក្តីដែលយើងបានបង្គាប់នោះ
44 ស្តេចក៏មានព្រះបន្ទូលនឹងស៊ីម៉ាយទៀតថា ឯងស្គាល់ការអាក្រក់ទាំងប៉ុន្មាន ដែលលាក់ក្នុងចិត្តឯង គឺជាការដែលឯងបានប្រព្រឹត្តដល់ដាវីឌ ជាព្រះបិតាយើងហើយ ដូច្នេះ ព្រះយេហូវ៉ានឹងទំលាក់ការអាក្រក់របស់ឯងនោះ មកលើក្បាលឯងវិញ
45 តែស្តេចសាឡូម៉ូននឹងបានពរ ហើយរាជ្យរបស់ដាវីឌ នឹងបានតាំងនៅចំពោះព្រះយេហូវ៉ាជាដរាបទៅ
46 នោះស្តេចទ្រង់បង្គាប់ទៅបេណាយ៉ាជាកូនយេហូយ៉ាដា ហើយលោកក៏ចេញទៅប្រហារជីវិតឲ្យវាស្លាប់ទៅ ឯរាជ្យ នោះបានតាំងជាមាំមួន ក្នុងអំណាចសាឡូម៉ូនហើយ។