21 នេះគឺស្តេចអ៊ីស្រាអែល ទ្រង់ចេញទៅវាយទាំងពួកទ័ពសេះ និងរទេះចំបាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។
22 រួចមក ហោរានោះក៏ចូលទៅឯស្តេចអ៊ីស្រាអែលទូលថា សូមទ្រង់ទៅចំរើនកំឡាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត។
23 ឯពួកជំនិតខាងស្តេចស៊ីរីគេទូលស្តេចរបស់ខ្លួនថា ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា ដូច្នេះ សូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ
24 ហើយត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ទ្រង់ចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ
25 រួចសូមលើកពលទ័ព ឲ្យស្មើនឹងពលទ័ពដែលទើបនឹងបាត់នោះ គឺចំនួនសេះស្មើគ្នា និងចំនួនរទេះក៏ស្មើគ្នា នោះយើងរាល់គ្នានឹងច្បាំងនឹងគេនៅស្រុកវាល ប្រាកដជាយើងនឹងមានកំឡាំងជាងគេ ទ្រង់ក៏យល់ព្រមតាមពាក្យគេ ហើយបានធ្វើដូច្នោះ។
26 លុះដល់ចូលឆ្នាំថ្មី បេន-ហាដាឌ់ក៏ត្រួតមើលពួកទ័ពស៊ីរី ហើយឡើងទៅដល់ក្រុងអាផែក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល
27 ពួកកូនចៅអ៊ីស្រាអែលក៏មានគេត្រួតត្រាមើល ហើយចែកស្បៀងអាហារឲ្យដែរ រួចគេចេញទៅទាស់នឹងពួកស៊ីរី ឯពួកកូនចៅអ៊ីស្រាអែល គេបោះទ័ពទល់មុខនឹងពួកស៊ីរី ដូចជាកូនពពែ២ហ្វូងយ៉ាងតូច តែពួកស៊ីរី គេនៅពេញពាស ក្នុងស្រុកនោះ