24 ហើយត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ទ្រង់ចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ
25 រួចសូមលើកពលទ័ព ឲ្យស្មើនឹងពលទ័ពដែលទើបនឹងបាត់នោះ គឺចំនួនសេះស្មើគ្នា និងចំនួនរទេះក៏ស្មើគ្នា នោះយើងរាល់គ្នានឹងច្បាំងនឹងគេនៅស្រុកវាល ប្រាកដជាយើងនឹងមានកំឡាំងជាងគេ ទ្រង់ក៏យល់ព្រមតាមពាក្យគេ ហើយបានធ្វើដូច្នោះ។
26 លុះដល់ចូលឆ្នាំថ្មី បេន-ហាដាឌ់ក៏ត្រួតមើលពួកទ័ពស៊ីរី ហើយឡើងទៅដល់ក្រុងអាផែក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល
27 ពួកកូនចៅអ៊ីស្រាអែលក៏មានគេត្រួតត្រាមើល ហើយចែកស្បៀងអាហារឲ្យដែរ រួចគេចេញទៅទាស់នឹងពួកស៊ីរី ឯពួកកូនចៅអ៊ីស្រាអែល គេបោះទ័ពទល់មុខនឹងពួកស៊ីរី ដូចជាកូនពពែ២ហ្វូងយ៉ាងតូច តែពួកស៊ីរី គេនៅពេញពាស ក្នុងស្រុកនោះ
28 គ្រានោះ មានអ្នកសំណប់របស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាអញនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
29 គេក៏បោះទ័ពប្រទល់មុខគ្នាអស់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះគេចូលតយុទ្ធគ្នា ក្នុង១ថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែលក៏សំឡាប់ពួកពលថ្មើរជើងរបស់សាសន៍ស៊ីរី អស់១សែននាក់
30 ឯសំណល់ដែលសល់នៅ គេបានរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំមក សង្កត់ស្លាប់អស់២ម៉ឺន៧ពាន់នាក់ទៀត ឯបេន-ហាឌាឌ់ទ្រង់រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។