១ ពង្សាវតារក្សត្រ 21 KHOV

ចំការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណាបោត

1 រីឯ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល គាត់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ស្រុក​យេស‌រាល ជិត​បង្កើយ​នឹង​ដំណាក់​អ័ហាប់ ជា​ស្តេច​នៃ​ក្រុង​សាម៉ារី

2 ហើយ​ក្រោយ​ការ​ទាំង​នោះ​មក អ័ហាប់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ណាបោត​ថា ចូរ​ឲ្យ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​មក​យើង​ចុះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ច្បារ​បន្លែ ដ្បិត​នៅ​ជិត​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​ចំការ​១​ល្អ​ជាង​ដល់​ឯង ឬ​បើ​ឯង​ចូល​ចិត្ត​នឹង​ប្រាក់ នោះ​យើង​នឹង​ឲ្យ​តាម​ដំឡៃ​ចំការ​នោះ​វិញ

3 តែ​ណាបោត​ទូល​តប​ថា សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ទូល‌បង្គំ​ថ្វាយ​មរដក​របស់​ពួក​អយ្យកោ​ទូល‌បង្គំ ដល់​ព្រះ‌ករុណា​ឡើយ

4 អ័ហាប់​ក៏​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ មាន​ព្រះ‌ទ័យ​អន់‌អាក់ ថ្នាំង‌ថ្នាក់ ដោយ​ព្រោះ​ពាក្យ​ដែល​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល បាន​ទូល​ដល់​ទ្រង់​ថា ទូល‌បង្គំ​មិន​ថ្វាយ​មរដក​របស់​ពួក​អយ្យកោ​ទូល‌បង្គំ ដល់​ព្រះ‌ករុណា​ទេ ហើយ​ទ្រង់​ក៏​ប្រះ​ផ្ទំ​លើ​ព្រះ‌ទែន‌បន្ទំ បែរ​ព្រះ‌ភក្ត្រ​ចេញ មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ឡើយ។

5 ឯ​យេសិ‌បិល ជា​ភរិយា​ទ្រង់ ក៏​មក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រួយ​ព្រះ‌ទ័យ មិន​សោយ​ព្រះ‌ស្ងោយ​ដូច្នេះ

6 ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា គឺ​ពី​ព្រោះ​អញ​បាន​និយាយ​នឹង​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ថា ចូរ​លក់​ចំការ​ទំពាំង‌បាយ‌ជូរ​ឯង​មក​ឲ្យ​យើង ឬ​បើ​ឯង​ចូល​ចិត្ត នោះ​យើង​នឹង​ឲ្យ​ចំការ​១​ផ្សេង​ទៀត​ប្តូរ​នឹង​ចំការ​នេះ តែ​វា​ឆ្លើយ​មក​ថា ទូល‌បង្គំ​មិន​ថ្វាយ​ចំការ​ទូល‌បង្គំ​ដល់​ទ្រង់​ទេ

7 នោះ​យេសិ‌បិល ជា​ភរិយា ក៏​ទូល​ថា ឥឡូវ​នេះ ទ្រង់​សោយ‌រាជ្យ​នៅ​នគរ​អ៊ីស្រា‌អែល​មិន​មែន​ឬ សូម​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ ឲ្យ​ព្រះ‌ទ័យ​បាន​រីក‌រាយ​សប្បាយ​ចុះ ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ដល់​ទ្រង់

8 នោះ​ព្រះ‌នាង​ក៏​ធ្វើ​សំបុត្រ​ដោយ​នូវ​ព្រះ‌នាម​អ័ហាប់ ហើយ​ប្រថាប់​ត្រា​ផែនដី រួច​ផ្ញើ​ទៅ​ពួក​ចាស់‌ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ក្នុង​ទី​ក្រុង ជា​មួយ​នឹង​ណាបោត

9 ក្នុង​សំបុត្រ​នោះ ព្រះ‌នាង​បង្គាប់​ថា ចូរ​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​ត្រណម ហើយ​តាំង​ណាបោត ឲ្យ​អង្គុយ​នៅ​លើ​ទី​ដ៏​ប្រសើរ​កណ្តាល​ពួក​ជន

10 រួច​នាំ​មនុស្ស​ខូច​អាក្រក់​២​នាក់​មក ឲ្យ​ឈរ​នៅ​មុខ​វា ដើម្បី​ធ្វើ​បន្ទាល់​ទាស់​នឹង​វា​ថា វា​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ស្រេច​ហើយ ចូរ​នាំ​វា​ចេញ​ទៅ​ក្រៅ ចោល​នឹង​ថ្ម​សំឡាប់​ទៅ។

11 ពួក​មនុស្ស​នៅ​ក្រុង​របស់​គាត់ គឺ​ជា​ពួក​ចាស់‌ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ទី​ក្រុង​ជា​មួយ​នឹង​គាត់ គេ​ក៏​ធ្វើ​តាម​សេចក្តី​ដែល​យេសិ‌បិល​បាន​បង្គាប់ ដូច​ជា​សេចក្តី​ដែល​ព្រះ‌នាង​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ផ្ញើ​ទៅ​គេ

12 គេ​ក៏​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​ត្រណម ហើយ​ដាក់​ណាបោត ឲ្យ​អង្គុយ​នៅ​ទី​ដ៏​ប្រសើរ​កណ្តាល​ពួក​ជន

13 រួច​មាន​មនុស្ស​ខូច​អាក្រក់​២​នាក់ ចូល​មក​អង្គុយ​ខាង​មុខ​ណាបោត ធ្វើ​បន្ទាល់​ទាស់​នឹង​គាត់​នៅ​មុខ​បណ្តា‌ជន​ថា ណាបោត​នេះ​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ដូច្នេះ គេ​នាំ​យក​គាត់​ចេញ​ទៅ​ឯ​ក្រៅ​ទី​ក្រុង ហើយ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ

14 រួច​ហើយ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​យេសិ‌បិល ឲ្យ​ជ្រាប​ថា បាន​ចោល​សំឡាប់​ណាបោត​នឹង​ថ្ម​ហើយ

15 កាល​យេសិ‌បិល​បាន​ឮ​ថា គេ​បាន​ចោល​សំឡាប់​ណាបោត​នឹង​ថ្ម​ហើយ​ដូច្នោះ នោះ​ព្រះ‌នាង​ក៏​ទូល​អ័ហាប់​ថា សូម​តើន​ឡើង​ទៅ​ទទួល​យក​ចំការ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល ដែល​វា​មិន​ព្រម​លក់​ថ្វាយ​នោះ មក​ទុក​ជា​របស់​ផង​ទ្រង់​វិញ​ចុះ ពី​ព្រោះ​ណាបោត​មិន​នៅ​រស់​ទៀត​ទេ គឺ​វា​ស្លាប់​ហើយ

16 ដូច្នេះ កាល​អ័ហាប់​បាន​ជ្រាប​ថា​ណាបោត​បាន​ស្លាប់ នោះ​ទ្រង់​ក៏​តើន​ឡើង ដើម្បី​ចុះ​ទៅ​ឯ​ចំការ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល ប្រយោជន៍​នឹង​យក​ធ្វើ​ជា​របស់​ផង​ទ្រង់​ទៅ។

ព្រះ‌អម្ចាស់​ដាក់​ទោស​ស្តេច​អ័ហាប់ និង​ម្ចាស់‌ក្សត្រីយ៍​យេសិ‌បិល

17 ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា

18 ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ជួប​នឹង​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ដែល​គង់​នៅ​ក្រុង​សាម៉ារី​ទៅ មើល ទ្រង់​នៅ​ក្នុង​ចំការ​របស់​ណាបោត ទ្រង់​បាន​ចុះ​ទៅ​ទទួល​យក​ចំការ​នោះ ទុក​ជា​របស់​ផង​ទ្រង់

19 ដូច្នេះ ឯង​ត្រូវ​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ឯង​បាន​សំឡាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ ក៏​ត្រូវ​ទូល​ដូច្នេះ​ទៀត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបោត នោះ​នឹង​លិទ្ធ​ឈាម​របស់​ឯង​ដែរ

20 អ័ហាប់​មាន​ព្រះ‌បន្ទូល​តប​ថា ឱ​ខ្មាំង​សត្រូវ​យើង​អើយ តើ​ឯង​មក​តាម​យើង​ទាន់​ហើយ​ឬ លោក​ទូល​ឆ្លើយ​ថា ទាន់​ហើយ ពី​ព្រោះ​ព្រះ‌ករុណា​បាន​លក់​ព្រះ‌អង្គ​ទ្រង់ ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

21 មើល អញ​នឹង​នាំ​សេចក្តី​វេទនា​មក​លើ​ឯង អញ​នឹង​បោស​ឯង​ចេញ​អស់​រលីង ហើយ​នឹង​កាត់​អស់​ទាំង​កូន​ប្រុសៗ​ពី​អ័ហាប់​ចេញ ព្រម​ទាំង​អ្នក​បិទ​បាំង​ទុក និង​អ្នក​ដែល​ឥត​មាន​ចំណង ក្នុង​ពួក​អ៊ីស្រា‌អែល​ផង

22 អញ​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​របស់​ឯង​បាន​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​របស់​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ដោយ​ព្រោះ​ការ​ប្រទាំង ដែល​ឯង​បាន​ធ្វើ​ឲ្យ​អញ​បាន​ក្នាញ់​ក្នុង​ព្រះ‌ទ័យ ហើយ​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ

23 ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេសិ‌បិល​ដែរ​ថា ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​ជិត​កំផែង​ក្រុង​យេស‌រាល

24 អ្នក​ណា​ក្នុង​ពូជ‌ពង្ស​អ័ហាប់ ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​វិញ

25 រីឯ​អ័ហាប់ គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់ ដែល​បាន​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល ជា​ភរិយា​បាន​ញុះ‌ញង់​នោះ​ទេ

26 ទ្រង់​បាន​ប្រព្រឹត្ត​បែប​គួរ​ស្អប់​ខ្ពើម​ណាស់ ដោយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​រូប​ព្រះ តាម​គ្រប់​ទាំង​ទំនៀម​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ។

27 កាល​អ័ហាប់​បាន​ឮ​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ ហើយ​តម​ព្រះ‌ស្ងោយ ទ្រង់​ផ្ទំ​ទាំង​សំពត់​ធ្មៃ​នោះ ហើយ​ក៏​យាង​មួយៗ

28 នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា

29 ឯង​បាន​ឃើញ​ឬ​ទេ អ័ហាប់​បន្ទាប​ខ្លួន​នៅ​មុខ​អញ​ហើយ ដូច្នេះ ដោយ​ព្រោះ​បាន​បន្ទាប​ខ្លួន​នៅ​មុខ​អញ នោះ​អញ​មិន​នាំ​សេចក្តី​វេទនា​នោះ មក​ក្នុង​គ្រា​ព្រះ‌ជន្ម​ទ្រង់​ទេ គឺ​អញ​នឹង​នាំ​សេចក្តី​វេទនា​នោះ មក​លើ​ជំនួរ​វង្ស​ទ្រង់​ក្នុង​គ្រា​នៃ​បុត្រ​ទ្រង់​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22