១ ពង្សាវតារក្សត្រ 22:1-7 KHOV

1 ក្នុង​រវាង​៣​ឆ្នាំ​នោះ សាសន៍​ស៊ីរី និង​សាសន៍​អ៊ីស្រា‌អែល ឥត​មាន​ចំបាំង​នឹង​គ្នា​ឡើយ

2 តែ​ដល់​ឆ្នាំ​ទី​៣ នោះ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​យាង​ចុះ​មក​គាល់​ស្តេច​អ៊ីស្រា‌អែល

3 ហើយ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រុង​រ៉ាម៉ូត-កាឡាត​ជា​របស់​ផង​យើង ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​តែ​ស្ងៀម ឥត​ទៅ​ចាប់​យក​ពី​កណ្តាប់​ដៃ​ស្តេច​ស៊ីរី​មក​វិញ​ដូច្នេះ

4 រួច​ទ្រង់​ទូល​សួរ​យ៉ូសា‌ផាត​ថា តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូល‌បង្គំ​ឬ​ទេ យ៉ូសា‌ផាត​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូល‌បង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ។

5 តែ​យ៉ូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន

6 ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា​ប្រហែល​ជា​៤០០​នាក់​មក​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ចេញ​ទៅ ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គេ​ទូល​ឆ្លើយ​ថា សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ

7 តែ​យ៉ូសា‌ផាត​សួរ​ថា នៅ​ទី​នេះ តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​គាត់​ដែរ​ទេ​ឬ