១ ពង្សាវតារក្សត្រ 22:18-24 KHOV

18 ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា តើ​ទូល‌បង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី ថា​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូល‌បង្គំ​ទេ គឺ​ទាយ​តែ​អាក្រក់​ប៉ុណ្ណោះ

19 នោះ​មីកាយ៉ា​ទូល​ថា ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង

20 ហើយ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​ណា​នឹង​ទៅ​បបួល​អ័ហាប់ ឲ្យ​ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ

21 រួច​មាន​វិញ្ញាណ​១​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូល‌បង្គំ​ចង់​ទៅ

22 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា នឹង​ធ្វើ​យ៉ាង​ណា​ទៅ វិញ្ញាណ​នោះ​ទូល​ថា ទូល‌បង្គំ​នឹង​ចេញ​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត‌កុហក នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សំរេច​បាន

23 ដូច្នេះ មើល ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​ដាក់​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា​វិញ។

24 លំដាប់​នោះ​សេដេគា​ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកាយ៉ា​សួរ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​អញ ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ឯង​តាម​ណា