33 កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ
34 តែមានមនុស្សម្នាក់យឹតធ្នូ បាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះទ្រង់ ដូច្នេះ ទ្រង់មានព្រះបន្ទូលបង្គាប់ ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថ នាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់
35 នៅថ្ងៃនោះ ចំបាំងក៏កាន់តែខ្លាំងឡើង តែគេគ្រាហ៍គាំស្តេចនៅក្នុងព្រះរាជរថ ដើម្បីតស៊ូនឹងពួកស៊ីរី លុះដល់ពេលល្ងាច ទ្រង់សុគតទៅ ហើយឈាមពីរបួសនោះក៏ហូរទៅក្នុងបាតព្រះរាជរថ
36 រួចដល់ពេលថ្ងៃលិច នោះក៏មានឮសំរែក នៅពេញក្នុងពួកទ័ពថា ចូរគ្រប់គ្នាត្រឡប់ទៅឯទីក្រុង និងស្រុករបស់ខ្លួនវិញទៅ។
37 គឺយ៉ាងនោះដែលស្តេចទ្រង់សុគត ហើយគេក៏នាំសពទ្រង់មកវិញ បញ្ចុះនៅក្នុងក្រុងសាម៉ារី
38 គេលាងព្រះរាជរថនៅត្រង់ស្រះទឹកនៃក្រុងសាម៉ារី ហើយមានឆ្កែលិទ្ធឈាម (រីឯនៅទីនោះពួកស្រីសំផឹងតែងងូតទឹក) តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក
39 ឯដំណើរឯទៀតពីអ័ហាប់ និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ និងអស់ទាំងទីក្រុងដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ