4 រួចទ្រង់ទូលសួរយ៉ូសាផាតថា តើទ្រង់នឹងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ យ៉ូសាផាតទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្ររបស់ទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះរបស់ទូលបង្គំទាំងប៉ុន្មាន ក៏ដូចជាសេះរបស់ទ្រង់ដែរ។
5 តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន
6 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជា៤០០នាក់មកសួរថា តើត្រូវឲ្យយើងចេញទៅ ច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រគល់គេ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
7 តែយ៉ូសាផាតសួរថា នៅទីនេះ តើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរគាត់ដែរទេឬ
8 ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់វិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានព្រះបន្ទូលដូច្នោះឡើយ។
9 នោះស្តេចអ៊ីស្រាអែល ទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកនេះជាឆាប់ៗ
10 ឯស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចស្រុកយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លា នៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយ នៅចំពោះទ្រង់