13 អញក៏បានឲ្យសេចក្តីដែលឯងមិនបានសូមផង គឺទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ ដល់ម៉្លេះបានជាក្នុងពួកស្តេចទាំងប៉ុន្មាននឹងគ្មានអ្នកណាមួយដូចឯង ដរាបដល់គ្រប់១ជីវិតឯងឡើយ
14 បើសិនជាឯងប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់អញ ដើម្បីនឹងកាន់តាមបញ្ញត្ត និងក្រឹត្យក្រមអញទាំងប៉ុន្មាន ដូចជាដាវីឌ ជាឪពុកឯង បានប្រព្រឹត្ត នោះអញនឹងចំរើនអាយុឯង ឲ្យបានវែងថែមទៀតដែរ
15 រួចសាឡូម៉ូនក៏តើនឡើង ហើយមើល នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ក៏ឈរនៅចំពោះហឹបនៃសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយដង្វាយដុត និងដង្វាយមេត្រី រួចក៏ជប់លៀងបណ្តាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។
16 ក្រោយតមក មានស្រីសំផឹង២នាក់បានមកឈរនៅចំពោះស្តេច
17 នាង១ទូលថា បពិត្រព្រះអម្ចាស់អើយ ខ្ញុំម្ចាស់ និងស្ត្រីនៅផ្ទះជាមួយគ្នា យើងខ្ញុំទាំង២បានសំរាលកូននៅផ្ទះនោះ
18 កាលខ្ញុំម្ចាស់សំរាលកូនមកបាន៣ថ្ងៃ នោះស្ត្រីនេះក៏សំរាលមកដែរ យើងខ្ញុំទាំង២នៅជាមួយគ្នា ឥតមានអ្នកដទៃណានៅក្នុងផ្ទះនោះឡើយ មានតែយើងខ្ញុំ២នាក់ប៉ុណ្ណោះ
19 ជួនជានៅវេលាយប់១ កូនរបស់នាងនេះបានស្លាប់ទៅ ដោយម្តាយបានដេកសង្កិនលើ