10 ដូច្នេះ ហ៊ីរ៉ាមក៏ថ្វាយឈើតាត្រៅ និងឈើកកោះដល់សាឡូម៉ូន តាមបំណងព្រះទ័យទ្រង់គ្រប់ចំពូក
11 ហើយសាឡូម៉ូនក៏ថ្វាយស្រូវភោជ្ជសាលី២ម៉ឺនរង្វាល់ ដល់ហ៊ីរ៉ាម ទុកជាស្បៀងអាហារនៃពួកដំណាក់ទ្រង់ និងប្រេងសំរាំង២០រង្វាល់ គឺយ៉ាងនោះដែលសាឡូម៉ូនបញ្ជូនទៅហ៊ីរ៉ាមរាល់ៗតែឆ្នាំ
12 ព្រះយេហូវ៉ាទ្រង់ក៏ប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា ដូចជាទ្រង់បានសន្យា ហើយហ៊ីរ៉ាម និងសាឡូម៉ូនក៏មានមេត្រីនឹងគ្នា ព្រមទាំងចុះសញ្ញានឹងគ្នាទៅវិញទៅមកផង។
13 ស្តេចសាឡូម៉ូនទ្រង់ក៏កេណ្ឌមនុស្សពីគ្រប់ក្នុងពួកអ៊ីស្រាអែល បានចំនួន៣ម៉ឺននាក់
14 រួចទ្រង់ចាត់គេឲ្យទៅឯភ្នំល្បាណូន ដោយវេនក្នុង១ខែ ១ម៉ឺននាក់ គឺគេនៅឯភ្នំល្បាណូន១ខែ ហើយនៅឯផ្ទះ២ខែ មានអ័ដូនីរ៉ាមជាអ្នកត្រួតលើពួកមនុស្ស ដែលត្រូវកេណ្ឌមកធ្វើការនោះ
15 ទ្រង់ក៏មានមនុស្ស៧ម៉ឺននាក់ សំរាប់លីសែង ហើយ៨ម៉ឺននាក់ សំរាប់ដាប់ថ្មនៅឯភ្នំ
16 ហើយក្រៅពីពួកនោះ មានពួកនាយរបស់សាឡូម៉ូន សំរាប់ត្រួតត្រាការចំនួន៣ពាន់៣រយនាក់ទៀត គឺជាពួកអ្នកបង្គាប់ការដែលបណ្តាពួកជាងធ្វើនោះ