57 សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា បានគង់ជាមួយនឹងយើង ដូចជាទ្រង់បានគង់ជាមួយនឹងពួកអយ្យកោយើងដែរ សូមកុំឲ្យទ្រង់លះបង់ ឬទុកយើងរាល់គ្នាចោលឡើយ
58 ដើម្បីឲ្យទ្រង់បានបង្វែរចិត្តយើងទៅឯទ្រង់ ឲ្យយើងបានដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្តីបង្គាប់ និងក្រឹត្យក្រម ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់ដល់ពួកអយ្យកោយើងរាល់គ្នា
59 សូមឲ្យពាក្យទាំងនេះ ដែលយើងបានទូលអង្វរ បាននៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យទ្រង់បានសំរេចតាមសេចក្តីត្រឹមត្រូវចំពោះយើង ជាបាវបំរើទ្រង់ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង តាមត្រូវការរាល់តែថ្ងៃ
60 ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដី បានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ
61 ដូច្នេះ សូមឲ្យចិត្តឯងរាល់គ្នាបានគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ដើម្បីឲ្យបានប្រព្រឹត្តតាមបញ្ញត្ត ហើយកាន់តាមក្រឹត្យទ្រង់ទាំងប៉ុន្មានដូចជាមានសព្វថ្ងៃនេះ។
62 រួចមក ស្តេច និងពួកអ៊ីស្រាអែលទាំងអស់ ក៏ថ្វាយយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា
63 ឯយញ្ញបូជា ដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយមេត្រី នោះគឺគោ២ម៉ឺន២ពាន់ និងចៀម១សែន២ម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះយេហូវ៉ា