1 ក្រោយដែលអ័ហាប់សុគតហើយ នោះសាសន៍ម៉ូអាប់ គេបះបោរនឹងពួកអ៊ីស្រាអែល
2 នៅខណៈនោះ អ័ហាស៊ីយ៉ាទ្រង់ធ្លាក់ ពីភ្នាក់ដៃរានជាន់លើ នៃដំណាក់នៅក្រុងសាម៉ារី ហើយក៏ទ្រង់ប្រឈួន នោះទ្រង់ប្រើគេឲ្យទៅ ដោយបង្គាប់ថា ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន តើអញនឹងបានជាពីការឈឺនេះឬទេ
3 តែទេវតានៃព្រះយេហូវ៉ា ក៏មកប្រាប់អេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា ចូរក្រោកឡើងទៅជួបនឹងពួកអ្នក ដែលស្តេចក្រុងសាម៉ារីចាត់ប្រើទៅនោះ សួរគេថា តើដោយហេតុតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬអី បានជាឯងរាល់គ្នាទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុនវិញ
4 ហេតុនោះ ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងនឹងមិនចុះពីដំណេក ដែលឯងបានឡើងទៅនោះបានឡើយ គឺនឹងត្រូវស្លាប់ជាពិត រួចអេលីយ៉ាក៏ចេញបាត់ទៅ។
5 ឯពួកអ្នកដែលស្តេចចាត់ប្រើនោះ គេក៏វិលត្រឡប់មកឯទ្រង់វិញ ហើយទ្រង់មានព្រះបន្ទូលសួរថា ហេតុអ្វីបានជាឯងរាល់គ្នាវិលមកវិញដូច្នេះ
6 គេក៏ទូលឆ្លើយថា មានមនុស្សម្នាក់ឡើងមកជួបនឹងយើងខ្ញុំប្រាប់ថា ចូរវិលទៅឯស្តេច ដែលចាត់ប្រើឯងរាល់គ្នាមក ហើយទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើដោយហេតុតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬអី បានជាព្រះករុណាចាត់គេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុនវិញ ហេតុនេះទ្រង់នឹងមិនចុះពីដំណេក ដែលបានឡើងទៅនោះបានឡើយ គឺត្រូវសុគតជាពិតវិញ
7 ទ្រង់មានព្រះបន្ទូលសួរគេថា មនុស្សដែលឡើងមកជួបនឹងឯងរាល់គ្នា ពោលសេចក្តីទាំងនេះ តើបែបយ៉ាងណា
8 គេទូលតបថា មនុស្សនោះពាក់អាវធ្វើពីរោម ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ទ្រង់មានព្រះបន្ទូលថា នោះគឺជាអេលីយ៉ា ជាអ្នកស្រុកធេសប៊ីហើយ។
9 នោះទ្រង់ចាត់មេទ័ពម្នាក់ និងពួកទាហាន៥០នាក់របស់គាត់ ឲ្យទៅរកអេលីយ៉ា គេក៏ឡើងទៅឯលោកដែលកំពុងអង្គុយនៅលើកំពូលភ្នំ មេទ័ពនោះនិយាយនឹងលោកថា ឱអ្នកសំណប់របស់ព្រះអើយ ស្តេចទ្រង់បង្គាប់ឲ្យអ្នកចុះមក
10 អេលីយ៉ាឆ្លើយទៅមេទ័ពនោះថា បើខ្ញុំជាអ្នកសំណប់របស់ព្រះពិត នោះសូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះឯង និងពួក៥០នាក់របស់ឯងទៅ នោះក៏មានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះទ័ពនោះ និងពួក៥០នាក់របស់គាត់មែន
11 ទ្រង់ក៏ចាត់មេទ័ពម្នាក់ និងពួក៥០នាក់របស់គាត់ ឲ្យទៅរកលោកទៀត មេទ័ពនោះនិយាយនឹងលោកថា ឱអ្នកសំណប់របស់ព្រះអើយ ស្តេចទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរចុះមកជាឆាប់
12 អេលីយ៉ាក៏ឆ្លើយទៅគេថា បើខ្ញុំជាអ្នកសំណប់របស់ព្រះពិត នោះសូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះឯង និងពួក៥០នាក់របស់ឯងទៅ នោះក៏មានភ្លើងនៃព្រះធ្លាក់ពីលើមេឃឯង នឹងពួក៥០នាក់របស់ទៅ នោះក៏មានភ្លើងនៃព្រះធ្លាក់ពីលើមេឃ មកបញ្ឆេះមេទ័ពនោះ និងពួក៥០នាក់របស់គាត់ដែរ
13 រួចទ្រង់ក៏ចាត់មេទ័ពទី៣ និងពួក៥០នាក់របស់គាត់ ឲ្យទៅថែមទៀត មេទ័ពទី៣នោះក៏ឡើងទៅលុតជង្គង់ក្រាបនៅមុខអេលីយ៉ាអង្វរថា ឱអ្នកសំណប់របស់ព្រះអើយ សូមអាណិតមេត្តាឲ្យជីវិតរបស់ខ្ញុំប្របាទ និងជីវិតរបស់៥០នាក់នេះ បានមានដំឡៃនៅភ្នែកលោកចុះ
14 មើល មានភ្លើងធ្លាក់ចុះពីលើមេឃមកបញ្ឆេះមេទ័ពទាំង២នាក់ នឹងពួក៥០នាក់របស់គេ ដែលមកមុននោះទៅហើយ តែឥឡូវនេះ សូមឲ្យជីវិតខ្ញុំប្របាទ មានដំឡៃនៅភ្នែកលោកវិញ
15 នោះទេវតានៃព្រះយេហូវ៉ា ក៏ប្រាប់អេលីយ៉ាថា ចូរចុះទៅជាមួយនឹងគេចុះ កុំឲ្យខ្លាចឡើយ ដូច្នេះ លោកក៏ក្រោកឡើងចុះទៅជាមួយនឹងគេ ចូលទៅគាល់ស្តេច
16 លោកទូលស្តេចថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងចាត់ប្រើគេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន នោះតើមិនមែនដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលល្មមសួរព្រះបន្ទូលទ្រង់បានឬអី ហេតុនេះឯងនឹងមិនបានចុះពីដំណេក ដែលបានឡើងទៅនោះឡើយ គឺនឹងត្រូវស្លាប់វិញជាពិត។
17 ទ្រង់ក៏សុគតទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដែលអេលីយ៉ាបានពោលហើយ រួចយ៉ូរ៉ាមក៏ឡើងសោយរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទី២នៃរាជ្យយ៉ូរ៉ាម ជាបុត្រនៃយ៉ូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានព្រះរាជបុត្រាទេ
18 រីឯដំណើរឯទៀត ពីអ័ហាស៊ីយ៉ា ដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។