២ ពង្សាវតារក្សត្រ 15 KHOV

ស្តេច​អ័សារា​សោយ‌រាជ្យ​លើ​ស្រុក​យូដា

1 នៅ​ឆ្នាំ​ទី​២៧ ក្នុង​រាជ្យ​យេរ៉ូ‌បោម ស្តេច​អ៊ីស្រា‌អែល នោះ​អ័សារា ជា​បុត្រ​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

2 កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៥២​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​យេកូលា ជា​អ្នក​ក្រុង​យេរូ‌សាឡិម

3 ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្តី​ដែល​អ័ម៉ា‌ស៊ីយ៉ា ជា​បិតា​ទ្រង់ បាន​ធ្វើ​ដែរ

4 ប៉ុន្តែ​មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្តា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ

5 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ ឲ្យ​ស្តេច​កើត​រោគ​ឃ្លង់ ដរាប​ដល់​អស់​ព្រះ‌ជន្ម ហើយ​ទ្រង់​ត្រូវ​គង់​នៅ​ដំណាក់​១​ដោយ​ខ្លួន ឯ​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ត្រួត‌ត្រា​ការ​ទាំង​អស់​ក្នុង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​គ្រប់‌គ្រង​លើ​បណ្តា‌ជន​នៅ​ស្រុក​នោះ​ផង

6 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័សារា និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​ស្តេច​យូដា​ហើយ

7 អ័សារា​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ រួច​យ៉ូថាម​ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ស្តេច​សាការី​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល

8 នៅ​ឆ្នាំ​ទី​៣៨ ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​សាការី ជា​បុត្រ​យេរ៉ូ‌បោម ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​៦​ខែ

9 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​អយ្យកោ​ទ្រង់​បាន​ធ្វើ​ដែរ ទ្រង់​មិន​បាន​លះ‌បង់​លែង​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ

10 គ្រា​នោះ​សាលូម ជា​កូន​យ៉ាបេស បាន​ក្បត់ ហើយ​ធ្វើ​គត់​ទ្រង់​នៅ​ចំពោះ​ប្រជា‌ជន​ទាំង‌ឡាយ រួច​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

11 រីឯ​ដំណើរ​ឯ​ទៀត​ពី​សាការី នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

12 នេះ​ហើយ​ជា​សេចក្តី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេហ៊ូវ​ថា គឺ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ដរាប​ដល់​៤​ដំណ ការ​នោះ​ក៏​កើត​មក​ដូច្នោះ​មែន។

ស្តេច​សាលូម​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល

13 ឯ​សាលូម ជា​កូន​យ៉ាបេស ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នៅ​ឆ្នាំ​ទី​៣៩ ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​១​ខែ

14 រួច​មណា‌ហិម​ជា​កូន​កាឌី ក៏​ចេញ​ពី​ក្រុង​ធើសា ឡើង​ទៅ​ឯ​ក្រុង​សាម៉ារី សំឡាប់​សាលូម ជា​កូន​យ៉ាបេស​បង់ នៅ​ក្រុង​សាម៉ារី​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

15 រីឯ​ដំណើរ​ឯ​ទៀត​ពី​សាលូម និង​ការ​ក្បត់​ដែល​ទ្រង់​បង្កើត នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

16 គ្រា​នោះ មណា‌ហិម​ទ្រង់​វាយ​ក្រុង​ធីពសា និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នោះ ព្រម​ទាំង​ស្រុក​នៅ​ជុំវិញ ចាប់​តាំង​ពី​ធើសា​ទៅ ពី​ព្រោះ​គេ​មិន​បាន​បើក​ទ្វារ​ក្រុង​ទទួល​ទ្រង់​ទេ បាន​ជា​ទ្រង់​ប្រហារ​ជីវិត​គេ ហើយ​វះ​ពោះ​ពួក​ស្រីៗ​ដែល​មាន​ទំងន់​ទាំង​ប៉ុន្មាន​ផង។

ស្តេច​មណា‌ហិម​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល

17 នៅ​ឆ្នាំ​ទី​៣៩​ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​មណា‌ហិម ជា​កូន​កាឌី ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​១០​ឆ្នាំ

18 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់ នោះ​ទ្រង់​មិន​បាន​វៀរ​បង់​លែង​តាម​អំពើ​បាប​ដែល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ធ្វើ ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម នោះ​ឡើយ

19 នៅ​គ្រា​នោះ ពូល ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​ទន្ទ្រាន​ចូល​ក្នុង​ស្រុក ហើយ​មណា‌ហិម ទ្រង់​ថ្វាយ​ប្រាក់​១​ពាន់​ហាប ដល់​ពូល​ឲ្យ​បាន​ពួត‌ដៃ​ជួយ​ឲ្យ​រាជ្យ​បាន​ខ្ជាប់‌ខ្ជួន នៅ​ក្នុង​អំណាច​ខ្លួន

20 ឯ​មណា‌ហិម ទ្រង់​ទារ​ប្រាក់​នោះ ពី​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គឺ​ពី​ពួក​អ្នក​មាន ក្នុង​ម្នាក់ៗ​៥០​រៀល សំរាប់​នឹង​ថ្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ ដូច្នេះ ស្តេច​អាស‌ស៊ើរ ទ្រង់​ក៏​ថយ​ចេញ​ទៅ​វិញ មិន​បាន​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ទេ

21 រីឯ​ដំណើរ​ឯ​ទៀត​ពី​មណា‌ហិម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

22 មណា‌ហិម​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ រួច​ពេកាហ៊ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ស្តេច​ពេកាហ៊ា​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល

23 នៅ​ឆ្នាំ​ទី​៥០ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកាហ៊ា ជា​បុត្រ​មណា‌ហិម ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ

24 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​វៀរ​បង់​លែង តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ

25 ឯ​ពេកា កូន​រេម៉ាលា ជា​មេ‌ទ័ព​របស់​ទ្រង់ និង​អើកុប ហើយ​អើរី‌យេ ក៏​ក្បត់​ធ្វើ​គុត​ទ្រង់នៅ​ឯ​ដំណាក់​ក្នុង​ព្រះ‌រាជ‌វាំង នៅ​ក្រុង​សាម៉ារី​ទៅ ក៏​មាន​ពួក​កាឡាត​៥០​នាក់ នៅ​ជា​មួយ​នឹង​លោក​ដែរ លោក​បាន​ប្រហារ​ជីវិត​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

26 រីឯ​ដំណើរ​ឯ​ទៀត​ពី​ពេកាហ៊ា និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

ស្តេច​ពេកា​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល

27 នៅ​ឆ្នាំ​ទី​៥២ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា ជា​កូន​រេម៉ាលា ក៏​ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​សោយ‌រាជ្យ​បាន​២០​ឆ្នាំ

28 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​វៀរ​បង់​លែង តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ។

29 នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រា‌អែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូហា ក្រុង​កេដេស ក្រុង​ហាសោរ និង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថាលី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាស‌ស៊ើរ

30 នោះ​ហូស៊ា ជា​កូន​អេឡា បង្កើត​ការ​កម្បត់​នឹង​ពេកា ជា​កូន​រេម៉ាលា ក៏​ធ្វើ​គុត​ទ្រង់​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស ក្នុង​ឆ្នាំ​ទី​២០ នៃ​រាជ្យ​យ៉ូថាម ជា​បុត្រ​អ័សារា

31 រីឯ​ដំណើរ​ឯ​ទៀត​ពី​ពេកា និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

ស្តេច​យ៉ូថាម​សោយ‌រាជ្យ​លើ​ស្រុក​យូដា

32 នៅ​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រា‌អែល នោះ​យ៉ូថាម ជា​បុត្រ​អ័សារា ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

33 កាល​ទ្រង់​ឡើង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា យេរូសា បុត្រី​សាដុក

34 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្តី ដែល​អ័សារា ជា​បិតា​ទ្រង់​បាន​ធ្វើ

35 ប៉ុន្តែ​មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្តា‌ជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ គឺ​ស្តេច​នេះ​ហើយ ដែល​ធ្វើ​ទ្វារ​កំផែង​ខាង​លើ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

36 រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូថាម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ។

37 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​តាំង​ចាត់​រេស៊ីន ជា​ស្តេច​ស៊ីរី និង​ពេកា ជា​កូន​រេម៉ាលា ឲ្យ​ទៅ​ទាស់​នឹង​ពួក​យូដា

38 យ៉ូថាម​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​ជា​មួយ​នឹង​ពួក​អយ្យកោ នៅ​ក្នុង​ក្រុង​ដាវីឌ ជា​អយ្យកោ រួច​អ័ហាស ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25