២ ពង្សាវតារក្សត្រ 5 KHOV

លោក​មេ‌ទ័ព​ណាម៉ាន់​បាន​ជា​ពី​រោគ​ឃ្លង់

1 រីឯ​ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅ‌ហ្វាយ​ខ្លួន ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជំនះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់

2 គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ ទៅ​ដោយ​កងៗ គេ​ចាប់​ក្មេង​ស្រី​ម្នាក់ នាំ​មក​ពី​ស្រុក​អ៊ីស្រា‌អែល នាង​នោះ​ក៏​បំរើ​ប្រពន្ធ​ណាម៉ាន់

3 នាង​និយាយ​នឹង​ចៅ‌ហ្វាយ​ស្រី​របស់​ខ្លួន​ថា ឱ​បើ​ជា​លោក​ប្រុស ជា​ចៅ‌ហ្វាយ​នាង​ខ្ញុំ បាន​នៅ​ជា​មួយ​នឹង​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​ទៅ​អេះ នោះ​លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ទៅ

4 នោះ​មាន​ម្នាក់​ចូល​ទៅ​ជំរាប​ចៅ‌ហ្វាយ​ខ្លួន​ថា ក្មេង​ស្រី​ដែល​មក​ពី​ស្រុក​អ៊ីស្រា‌អែល វា​និយាយ​យ៉ាង​នេះ​មួយៗ

5 ដូច្នេះ ស្តេច​ស៊ីរី​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ចុះ អញ​នឹង​ធ្វើ​សំបុត្រ​១​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រា‌អែល​ដែរ នោះ​លោក​ក៏​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​១០​ហាប និង​មាស​៦​ពាន់ ហើយ​សំលៀក‌បំពាក់​១០​បន្លាស់

6 លោក​ក៏​នាំ​យក​សំបុត្រ​នោះ​ទៅ​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល មាន​សេចក្តី​ថា កាល​ណា​ទ្រង់​ទទួល​សំបុត្រ​នេះ នោះ​មើល​ទូល‌បង្គំ​បាន​ចាត់​ណាម៉ាន់ ជា​អ្នក​ជំនិត​របស់​ទូល‌បង្គំ​មក​ហើយ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ឲ្យ​គាត់​រួច​ពី​រោគ​ឃ្លង់

7 កាល​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​បាន​ទត​សំបុត្រ​នោះ​រួច​ហើយ នោះ​ក៏​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ ដោយ​ព្រះ‌បន្ទូល​ថា តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​ឲ្យ​មនុស្ស​ឃ្លង់​នេះ​មក ចង់​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ ចូរ​ពិចារណា​មើល ជា​យ៉ាង​ណា ដែល​គេ​រក​រឿង​នឹង​យើង​នេះ។

8 កាល​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឮ​ថា ស្តេច​អ៊ីស្រា‌អែល​បាន​ហែក​ព្រះ‌ពស្ត្រ​ទ្រង់​ដូច្នោះ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ សូម​ឲ្យ​លោក​នោះ​មក​ឯ​ទូល‌បង្គំ​សិន​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​១​នៅ​ពួក​អ៊ីស្រា‌អែល​មែន

9 ដូច្នេះ ណាម៉ាន់​ក៏​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​ទាំង​សេះ និង​រទេះ​ផង

10 ឯ​អេលី‌សេ លោក​ចាត់​អ្នក​បំរើ​ម្នាក់ ឲ្យ​ទៅ​ជំរាប​ថា សូម​ឲ្យ​លោក​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ

11 តែ​ណាម៉ាន់​មាន​សេចក្តី​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា មើល អញ​ស្មាន​ថា​ប្រាកដ​ជា​លោក​នឹង​ចេញ​មក​ឯ​អញ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា

12 ឯ​ទន្លេ​អាបាណា និង​ទន្លេ​ផើផើរ ជា​ទន្លេ​ស្រុក​ដាម៉ាស តើ​មិន​ល្អ​ជាង​ទឹក​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ​ឬ​អី បើ​អញ​មុជ‌ទឹក​ទន្លេ​នោះ តើ​មិន​បាន​ស្អាត​ទេ​ឬ​អី ដូច្នេះ លោក​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ ដោយ​សេចក្តី​ឃោរ‌ឃៅ​ជា​ខ្លាំង

13 តែ​ពួក​អ្នក​បំរើ​លោក​ក៏​អែប​ចូល​ជិត ជំរាប​ថា លោក​ឪពុក​អើយ បើ‌សិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ‌ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាលម៉ាន​ទៅ​ទៀត

14 ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​៧​ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង ហើយ​លោក​បាន​ជា​ស្អាត។

15 រួច​លោក ព្រម​ទាំង​ពួក​លោក ក៏​វិល​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ​វិញ ឈរ​នៅ​ចំពោះ​មុខ​ជំរាប​ថា មើល​ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា នៅ​ផែនដី​ទាំង​មូល គ្មាន​ព្រះ​ឯ​ណា​សោះ វៀរ​តែ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​១​ប៉ុណ្ណោះ ដូច្នេះ សូម​លោក​ទទួល​រង្វាន់​ពី​ខ្ញុំ​ប្របាទ​ចុះ

16 តែ​លោក​ឆ្លើយ​តប​ថា ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ខ្ញុំ​មិន​ទទួល​យក​អ្វី​សោះ​ឡើយ ណាម៉ាន់​ក៏​អង្វរ​ឲ្យ​ទទួល តែ​លោក​ប្រកែក​មិន​ព្រម​ទេ

17 ណាម៉ាន់​និយាយ​ថា បើ​ដូច្នេះ សូម​តែ​ឲ្យ​ដី​ល្មម​ផ្ទុក​លើ​លា‌កាត់​២​មក​ខ្ញុំ​ប្របាទ​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ ខ្ញុំ​ប្របាទ​នឹង​មិន​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​ដល់​ព្រះ​ឯ​ណា​ទៀត ក្រៅ​ពី​ព្រះ‌យេហូវ៉ា​ឡើយ

18 តែ​ក្នុង​ការ​នេះ សូម​ព្រះ‌យេហូវ៉ា​អត់​ទោស​ដល់​ខ្ញុំ​ប្របាទ​ផង គឺ​កាល​ចៅ‌ហ្វាយ​ខ្ញុំ​ប្របាទ​ព្រយុង​ខ្លួន​មក​លើ​ដៃ​ខ្ញុំ ចូល​ទៅ​ថ្វាយ‌បង្គំ​ក្នុង​វិហារ​ព្រះ​រីម៉ូន​វេលា​ណា ហើយ​ខ្ញុំ​ប្របាទ​ក៏​ឱន​ខ្លួន​នៅ​ក្នុង​វិហារ​ព្រះ​រីម៉ូន នោះ​សូម​ព្រះ‌យេហូវ៉ា​អត់​ទោស​ដល់​ខ្ញុំ​ប្របាទ ពី​ការ​ដែល​ឱន​ខ្លួន​នៅ​ក្នុង​វិហារ​ព្រះ​រីម៉ូន​នោះ​ផង

19 អេលី‌សេ​ក៏​និយាយ​ថា អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ ដូច្នេះ ណាម៉ាន់​ក៏​ចេញ​ពី​លោក​ទៅ​តាម​ផ្លូវ​បន្តិច។

កំហុស​របស់​កេហាស៊ី

20 ឯ​កេហាស៊ី ជា​អ្នក​បំរើ​របស់​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ គាត់​នឹក​ថា មើល ចៅ‌ហ្វាយ​អញ​បាន​យល់​ដល់​ណាម៉ាន់​ជា​សាសន៍​ស៊ីរី​នោះ ដោយ​មិន​បាន​ទទួល​របស់​ស្នង​ពី​ដៃ​លោក ដែល​នាំ​មក​ជូន​នោះ​សោះ អញ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អញ​នឹង​រត់​ទៅ​តាម ហើយ​ទទួល​យក​របស់​ខ្លះ​ពី​លោក​វិញ

21 ដូច្នោះ កេហាស៊ី​ក៏​ទៅ​តាម​ណាម៉ាន់ កាល​ណាម៉ាន់​ឃើញ​ម្នាក់​កំពុង​រត់​មក​តាម នោះ​លោក​ក៏​ចុះ​ពី​រទេះ​ទៅ​ទទួល ហើយ​សួរ​ថា សុខ​សប្បាយ​ទាំង​អស់​គ្នា​ទេ​ឬ

22 គាត់​ឆ្លើយ​ថា សុខ​សប្បាយ​ជា​ទេ តែ​ចៅ‌ហ្វាយ​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជំរាប​លោក​ថា មើល មាន​មនុស្ស​កំឡោះ​២​នាក់​ជា​សិស្ស​នៃ​ពួក​ហោរា ទើប​នឹង​មក​ដល់ ពី​ស្រុក​ភ្នំ​អេប្រា‌អិម ដូច្នេះ សូម​លោក​មេត្តា​ឲ្យ​ប្រាក់​១​ហាប និង​សំលៀក‌បំពាក់ ២​បន្លាស់​មក​សំរាប់​គេ

23 ណាម៉ាន់​ឆ្លើយ​តប​ថា សូម​ឲ្យ​អ្នក​បាន​សុខ​ចិត្ត​យក​ដល់​ទៅ​២​ហាប​ចុះ លោក​ក៏​បង្ខំ រួច​ដាក់​ប្រាក់​២​ហាប​ចុះ​ក្នុង​ការុង​២ ព្រម​ទាំង​ឲ្យ​អាវ​២​បន្លាស់ ដាក់​ឲ្យ​អ្នក​បំរើ​របស់​លោក​២​នាក់​បាន​លី​ទៅ​ខាង​មុខ​កេហាស៊ី

24 លុះ​ដល់​ទៅ​ភ្នំ​ហើយ នោះ​គាត់​យក​ដៃ​គេ​ទៅ​ដាក់​ទុក​ក្នុង​ផ្ទះ រួច​ឲ្យ​គេ​ទៅ​វិញ គេ​ក៏​ចេញ​ទៅ

25 លំដាប់​នោះ​គាត់​ចូល​ទៅ​ឈរ​នៅ​មុខ​អេលី‌សេ​ជា​ចៅ‌ហ្វាយ​ខ្លួន ហើយ​លោក​សួរ​ថា កេហាស៊ី​អើយ ឯង​មក​ពី​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​ប្របាទ​មិន​បាន​ទៅ​ឯ​ណា​ទេ

26 តែ​លោក​មាន​ប្រសាសន៍​ថា តើ​វិញ្ញាណ​អញ​មិន​បាន​ទៅ​តាម​ឯង ក្នុង​កាល​ដែល​លោក​នោះ​ចុះ​ពី​រទេះ​មក​ទទួល​ឯង​ទេ​ឬ​អី នេះ​តើ​ជា​ឱកាស​គួរ​នឹង​ទទួល​ប្រាក់ និង​សំលៀក‌បំពាក់ ព្រម​ទាំង​ចំការ​អូលីវ ចំការ​ទំពាំង‌បាយ‌ជូរ និង​ចៀម គោ ហើយ​បាវ​ប្រុស​បាវ​ស្រី​ឬ​អី

27 ហេតុ​នេះ​រោគ​ឃ្លង់​របស់​ណាម៉ាន់​នឹង​នៅ​ជាប់​នឹង​ឯង​វិញ ព្រម​ទាំង​កូន​ចៅ​ឯង​ជា​រៀង‌រាប​ដរាប​ទៅ ដូច្នេះ​គាត់​ក៏​ចេញ​ពី​មុខ​លោក​ទៅ កើត​មាន​រោគ​ឃ្លង់​ស​ដូច​ហិមៈ​តែ​ម្តង។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25