1 រីឯអ័ថាលា ព្រះមាតានៃអ័ហាស៊ីយ៉ា កាលបានឃើញថា ព្រះរាជបុត្រាសុគតហើយដូច្នោះ នោះព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្សនៃស្តេចទាំងប៉ុន្មានទៅ
2 តែយ៉ូសេបា ជាបុត្រីស្តេចយ៉ូរ៉ាម ហើយជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា នាងបានលួចយកយ៉ូអាស ជាបុត្រារបស់អ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្តេច ដែលត្រូវស្លាប់នោះ ព្រមទាំងមេនំផង ទៅលាក់ទុកក្នុងបន្ទប់ដេក ឲ្យរួចពីអ័ថាលា មិនឲ្យត្រូវស្លាប់
3 បុត្រនោះក៏នៅជាមួយនឹងនាង លាក់ទុកក្នុងព្រះវិហារនៃព្រះយេហូវ៉ាអស់៦ឆ្នាំ ឯព្រះនាងអ័ថាលា បានសោយរាជ្យលើនគរ។
4 លុះដល់ឆ្នាំទី៧ នោះយេហូយ៉ាដាក៏ចាត់គេ ឲ្យទៅនាំពួកមេទ័ព ពួកនាយ និងពួកថ្មើរជើង មកឯលោកនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកក៏តាំងសញ្ញានឹងគេ ហើយឲ្យគេស្បថ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចបង្ហាញឲ្យគេឃើញបុត្រានៃស្តេចនោះ
5 លោកបង្គាប់គេថា ត្រូវឲ្យអ្នករាល់គ្នាធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នា១ភាគក្នុង៣ ដែលចូលវេននៅថ្ងៃឈប់សំរាក នោះត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្តេច
6 ត្រូវឲ្យ១ភាគក្នុង៣ទៀត នៅត្រង់មាត់ទ្វារស៊ើរ ហើយ១ភាគក្នុង៣ទៀត នៅត្រង់ទ្វារខាងក្រោយទីនៃពួកចាំយាម អ្នករាល់គ្នាត្រូវចាំយាមរក្សាព្រះវិហារយ៉ាងនោះ កុំឲ្យអ្នកណាចូលឡើយ