7 ឯអ្នករាល់គ្នាទាំង២កង ដែលចេញវេននៅថ្ងៃឈប់សំរាក នោះត្រូវចាំយាមរក្សាព្រះវិហារនៃព្រះយេហូវ៉ា នៅព័ទ្ធជុំវិញស្តេច
8 ត្រូវឲ្យអ្នករាល់គ្នាកាន់គ្រឿងសស្រ្តាវុធ នៅដៃរៀងខ្លួនចោមព័ទ្ធស្តេច បើមានអ្នកណាចូលហួសថែវអ្នករាល់គ្នាមក នោះត្រូវសំឡាប់ចេញ ហើយត្រូវឲ្យអ្នករាល់គ្នានៅជាមួយនឹងស្តេច ក្នុងកាលដែលទ្រង់យាងចេញទៅ និងចូលមកផង។
9 ពួកមេទ័ព គេធ្វើតាមបង្គាប់យេហូយ៉ាដាដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកកងគេរៀងខ្លួន ជាពួកដែលចូលវេននៅថ្ងៃឈប់សំរាក និងពួកដែលចេញវេននៅថ្ងៃឈប់សំរាកដែរ មកឯយេហូយ៉ាដាដ៏ជាសង្ឃ
10 លោកក៏ចែកលំពែង និងខែលរបស់ស្តេចដាវីឌ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដល់ពួកមេទ័ព
11 ដូច្នេះ ពួកចាំយាមគេក៏កាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន ឈរនៅព័ទ្ធជុំវិញស្តេច ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតដល់ខាងឆ្វេងតាមក្បែរអាសនាព្រះវិហារ
12 នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្តីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្តីចំរើន។
13 កាលព្រះនាងអ័ថាលា បានឮសូរអឺងកងនៃពួកចាំយាម និងបណ្តាជនទាំងប៉ុន្មាន នោះព្រះនាងយាងចូលទៅឯគេ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា