២ ពង្សាវតារក្សត្រ 12:12-18 KHOV

12 ហើយ​ដល់​ពួក​ជាង​រៀប​ថ្ម និង​ពួក​ជាង​ដាប់​ថ្ម ហើយ​សំរាប់​ទិញ​ឈើ និង​ថ្ម​ដាប់​ស្រាប់ សំរាប់​នឹង​ជួស‌ជុល​ត្រង់​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​សំរាប់​អស់​ទាំង​ការ​ចំណាយ ដែល​ត្រូវ​ចាយ ដើម្បី​ជួស‌ជុល​ព្រះ‌វិហារ​ឡើង

13 ប៉ុន្តែ​មិន​បាន​យក​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ធ្វើ​ជា​គ្រឿង​មាស គ្រឿង​ប្រាក់ ដូច​ជា​ពែង គ្រប​ប្រឆេះ ចាន‌ក្លាំ ឬ​ត្រែ​ឡើយ

14 ដ្បិត​គេ​បាន​ឲ្យ​ដល់​ពួក​ជាង ដែល​ធ្វើ​ការ​វិញ សំរាប់​នឹង​ប្រើ​ការ​ជួស‌ជុល​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

15 មួយ​ទៀត​គេ​មិន​បាន​គិត​នឹង​ពួក​អ្នក ដែល​គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ សំរាប់​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ​នោះ​ទេ ពី​ព្រោះ​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ‌ត្រង់

16 ឯ​ប្រាក់ ជា​ដំឡៃ​នៃ​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង និង​ប្រាក់​ជា​ដំឡៃ​នៃ​ដង្វាយ​លោះ​បាប នោះ​មិន​បាន​យក​ទៅ​ទុក​ក្នុង​វិហារ​ព្រះ‌យេហូវ៉ា​ទេ ប្រាក់​នោះ​ទុក​ជា​ចំណែក​ដល់​ពួក​សង្ឃ​វិញ។

17 នៅ​គ្រា​នោះ ហាសែល​ជា​ស្តេច​ស្រុក​ស៊ីរី ក៏​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កាថ ហើយ​ចាប់​យក​បាន រួច​ហាសែល​ដំរង់​ព្រះ‌ភក្ត្រ​ឆ្ពោះ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ទៀត

18 នោះ​យ៉ូអាស ជា​ស្តេច​យូដា ទ្រង់​យក​អស់​ទាំង​របស់​បរិសុទ្ធ ដែល​ពួក​ស្តេច​យូដា គឺ​យ៉ូសា‌ផាត យ៉ូរ៉ាម និង​អ័ហា‌ស៊ីយ៉ា​ជា​ពួក​អយ្យកោ​ទ្រង់​បាន​ថ្វាយ និង​របស់​ទាំង​ប៉ុន្មាន​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ ព្រម​ទាំង​មាស​ទាំង​អស់ ដែល​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​ស្តេច​ផង ផ្ញើ​ទៅ​ថ្វាយ​ហាសែល​ជា​ស្តេច​ស៊ីរី ដូច្នេះ ហាសែល​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។