២ ពង្សាវតារក្សត្រ 13:1-6 KHOV

1 នៅ​ឆ្នាំ​ទី​២៣ ក្នុង​រាជ្យ​នៃ​យ៉ូអាស ជា​បុត្រ​អ័ហា‌ស៊ីយ៉ា ស្តេច​យូដា នោះ​យ៉ូអា‌ហាស ជា​បុត្រ​យេហ៊ូវ​ក៏​ចាប់​តាំង​សោយ‌រាជ្យ លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​បាន​សោយ‌រាជ្យ​អស់​១៧​ឆ្នាំ

2 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ដែរ ទ្រង់​មិន​វៀរ​បង់​លែង​ធ្វើ​ឡើយ

3 នោះ​សេចក្តី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ក៏​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ហាសែល ជា​ស្តេច​ស៊ីរី និង​ក្នុង​កណ្តាប់​ដៃ​នៃ​បេន-ហា‌ដាឌ់ ជា​បុត្រ​ហាសែល​ត​ទៅ

4 តែ​យ៉ូអា‌ហាស​ទ្រង់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម ដ្បិត​ទ្រង់​បាន​ទត​ឃើញ​ការ ដែល​ស្តេច​ស៊ីរី​សង្កត់‌សង្កិន​ដល់​ពួក​អ៊ីស្រា‌អែល

5 (រីឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ឲ្យ​គេ​បាន​រួច​ពី​អំណាច​សាសន៍​ស៊ីរី រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដូច​ដើម​វិញ

6 ប៉ុន្តែ​គេ​មិន​លែង​ធ្វើ​តាម​អំពើ​បាប​របស់​ជំនួរ​វង្ស​យេរ៉ូ‌បោម ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​នោះ​ទេ គឺ​គេ​ចេះ​តែ​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​វិញ ហើយ​នៅ​ក្នុង​ក្រុង​សាម៉ារី​ក៏​មាន​អស់​ទាំង​រូប​ព្រះ​នៅ​ឡើយ​ដែរ)