២ ពង្សាវតារក្សត្រ 13:4-10 KHOV

4 តែ​យ៉ូអា‌ហាស​ទ្រង់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម ដ្បិត​ទ្រង់​បាន​ទត​ឃើញ​ការ ដែល​ស្តេច​ស៊ីរី​សង្កត់‌សង្កិន​ដល់​ពួក​អ៊ីស្រា‌អែល

5 (រីឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ឲ្យ​គេ​បាន​រួច​ពី​អំណាច​សាសន៍​ស៊ីរី រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដូច​ដើម​វិញ

6 ប៉ុន្តែ​គេ​មិន​លែង​ធ្វើ​តាម​អំពើ​បាប​របស់​ជំនួរ​វង្ស​យេរ៉ូ‌បោម ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​នោះ​ទេ គឺ​គេ​ចេះ​តែ​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​វិញ ហើយ​នៅ​ក្នុង​ក្រុង​សាម៉ារី​ក៏​មាន​អស់​ទាំង​រូប​ព្រះ​នៅ​ឡើយ​ដែរ)

7 ដ្បិត​ស្តេច​ស៊ីរី​បាន​ទុក​ឲ្យ​យ៉ូអា‌ហាស មាន​ពល‌ទ័ព​តែ​ប៉ុណ្ណេះ គឺ​ឲ្យ​មាន​ពល​សេះ​៥០​នាក់ រទេះ​ចំបាំង​១០ និង​ពល​ថ្មើរ​ជើង​១​ម៉ឺន​នាក់ ពី​ព្រោះ​ស្តេច​ស៊ីរី បាន​រំលាង​បំផ្លាញ​គេ​អស់​ទៅ​ហើយ ទាំង​ធ្វើ​ឲ្យ​គេ​ដូច​ជា​លំអង​ធូលី ដែល​នៅ​ទីលាន​បញ្ជាន់​ស្រូវ

8 រីឯ​ដំណើរ​ឯ​ទៀត ពី​យ៉ូអា‌ហាស ហើយ​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ និង​អំណាច​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

9 ចំណែក​យ៉ូអា‌ហាស ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

10 នៅ​ឆ្នាំ​ទី​៣៧​ក្នុង​រាជ្យ​យ៉ូអាស​ជា​ស្តេច​យូដា នោះ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​១៦​ឆ្នាំ