7 ដ្បិតស្តេចស៊ីរីបានទុកឲ្យយ៉ូអាហាស មានពលទ័ពតែប៉ុណ្ណេះ គឺឲ្យមានពលសេះ៥០នាក់ រទេះចំបាំង១០ និងពលថ្មើរជើង១ម៉ឺននាក់ ពីព្រោះស្តេចស៊ីរី បានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលំអងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ
8 រីឯដំណើរឯទៀត ពីយ៉ូអាហាស ហើយការទាំងប៉ុន្មានដែលទ្រង់ធ្វើ និងអំណាចរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
9 ចំណែកយ៉ូអាហាស ក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ គេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារី រួចយ៉ូអាស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
10 នៅឆ្នាំទី៣៧ក្នុងរាជ្យយ៉ូអាសជាស្តេចយូដា នោះយ៉ូអាស ជាបុត្រយ៉ូអាហាស ក៏ចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន១៦ឆ្នាំ
11 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែងប្រព្រឹត្ត តាមអស់ទាំងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់បានប្រព្រឹត្តតាមអំពើទាំងនោះវិញ
12 រីឯដំណើរឯទៀតពីយ៉ូអាស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ និងអំណាចទ្រង់ដែលបានប្រើ ដើម្បីច្បាំងនឹងអ័ម៉ាស៊ីយ៉ា ស្តេចយូដា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
13 យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចយេរ៉ូបោមបានសោយរាជ្យឡើងជំនួសទ្រង់ ហើយគេបញ្ចុះសពយ៉ូអាសនៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែល។