២ ពង្សាវតារក្សត្រ 14:13-19 KHOV

13 ឯ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស រួច​ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម រំលំ​កំផែង​ទី​ក្រុង​បង់ ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង អស់​៤០០​ហត្ថ

14 ទ្រង់​ក៏​យក​មាស​ប្រាក់​ទាំង​អស់ និង​គ្រប់​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ព្រះ‌រាជ​ទ្រព្យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាប់​មនុស្ស​បញ្ចាំ​ទុក រួច​នាំ​ទាំង​អស់​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។

15 រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស ដែល​ទ្រង់​បាន​ធ្វើ និង​អំណាច​របស់​ទ្រង់ ហើយ​ពី​ទ្រង់​ច្បាំង​នឹង​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

16 យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រា‌អែល​ទៅ រួច​យេរ៉ូ‌បោម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

17 ក្រោយ​ដែល​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល បាន​សុគត​ទៅ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត

18 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ម៉ា‌ស៊ីយ៉ា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

19 មាន​គេ​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ក្រុង​ឡាគីស​តាម​ទ្រង់ ក៏​ធ្វើ​គុត​នៅ​ទី​នោះ