2 កាលទ្រង់បានចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡិម
3 ទ្រង់បានប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដល់ដាវីឌជាអយ្យកោទ្រង់ទេ ទ្រង់បានប្រព្រឹត្តតាមគ្រប់ទាំងការ ដែលយ៉ូអាស ជាព្រះបិតាបានធ្វើ
4 ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ
5 កាលរាជ្យបានជាប់នៅក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើ ដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ
6 តែឯកូនចៅនៃពួកអ្នក ដែលធ្វើគុតស្តេចនោះ ទ្រង់មិនបានសំឡាប់គេទេ តាមសេចក្តីដែលចែងទុកមក ក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកថា «ឪពុកមិនត្រូវទោសដល់ស្លាប់ ដោយព្រោះកូន ហើយកូនក៏មិនត្រូវទោសដល់ស្លាប់ ដោយព្រោះឪពុកដែរ គឺគ្រប់មនុស្សត្រូវស្លាប់ ដោយព្រោះតែអំពើបាបរៀងខ្លួនវិញ»។
7 ទ្រង់ក៏ប្រហារពួកសាសន៍អេដំមអស់១ម៉ឺននាក់ នៅត្រង់ច្រកភ្នំអំបិល ក៏ច្បាំងចាប់យកក្រុងសេឡា រួចដាក់ឈ្មោះទីក្រុងនោះថា យ៉ុកធាល ដរាបដល់សព្វថ្ងៃនេះ
8 ក្រោយនោះមក អ័ម៉ាស៊ីយ៉ាទ្រង់ចាត់សារទៅឯយ៉ូអាស ជាបុត្រយ៉ូអាហាស ដែលជាបុត្រយេហ៊ូវ ស្តេចអ៊ីស្រាអែលទូលថា ចូរចេញមក យើងល្បងលគ្នាមើល