២ ពង្សាវតារក្សត្រ 14:22-28 KHOV

22 គឺ​ស្តេច​នេះ​ហើយ ដែល​សង់​ក្រុង​អេឡាត​ឡើង ហើយ​បាន​បង្វិល​មក​ខាង​យូដា​វិញ ក្រោយ​មក​ស្តេច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ។

23 នៅ​ឆ្នាំ​ទី​១៥​ក្នុង​រាជ្យ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស​ស្តេច​យូដា នោះ​យេរ៉ូ‌បោម ជា​បុត្រា​យ៉ូអាស ស្តេច​អ៊ីស្រា‌អែល ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​៤១​ឆ្នាំ

24 ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​លះ‌បង់​លែង​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ

25 តែ​ទ្រង់​បាន​តាំង​ព្រំ​ស្រុក​អ៊ីស្រា‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​សមុទ្រ​នៅ​ស្រុក​វាល តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ហោរា​យ៉ូណាស​ជា​កូន​អ័មី‌ថាយ ជា​អ្នក​បំរើ​ទ្រង់ ដែល​នៅ​កាថ-ហេភើរ

26 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ​សេចក្តី​វេទនា របស់​ពួក​អ៊ីស្រា‌អែល ថា​ជា​ជូរ​ចត់​ណាស់ ដ្បិត​គ្មាន​អ្នក​ណា​បិទ​បាំង​ទុក ឬ​អ្នក​ណា​ដែល​ឥត​ចំណង​ឡើយ ក៏​គ្មាន​អ្នក​ណា សំរាប់​ជួយ​សង្គ្រោះ ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែរ

27 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ថា ទ្រង់​នឹង​លុប​ឈ្មោះ​ពួក​អ៊ីស្រា‌អែល​ចេញ ពី​ក្រោម​មេឃ​នោះ​ទេ បាន​ជា​ទ្រង់​ជួយ​សង្គ្រោះ​គេ ដោយ‌សារ​ព្រះ‌ហស្ត​យេរ៉ូ‌បោម ជា​បុត្រ​យ៉ូអាស​វិញ។

28 រីឯ​ដំណើរ​ឯ​ទៀត​ពី​យេរ៉ូ‌បោម និង​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​អំណាច​ទ្រង់ ដែល​ទ្រង់​បាន​ច្បាំង ព្រម​ទាំង​ការ​ដែល​ចាប់​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហាម៉ាត​ជា​ទី​ក្រុង​នៃ​ពួក​យូដា មក​ខាង​ពួក​អ៊ីស្រា‌អែល​វិញ​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ