២ ពង្សាវតារក្សត្រ 15:16-22 KHOV

16 គ្រា​នោះ មណា‌ហិម​ទ្រង់​វាយ​ក្រុង​ធីពសា និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នោះ ព្រម​ទាំង​ស្រុក​នៅ​ជុំវិញ ចាប់​តាំង​ពី​ធើសា​ទៅ ពី​ព្រោះ​គេ​មិន​បាន​បើក​ទ្វារ​ក្រុង​ទទួល​ទ្រង់​ទេ បាន​ជា​ទ្រង់​ប្រហារ​ជីវិត​គេ ហើយ​វះ​ពោះ​ពួក​ស្រីៗ​ដែល​មាន​ទំងន់​ទាំង​ប៉ុន្មាន​ផង។

17 នៅ​ឆ្នាំ​ទី​៣៩​ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​មណា‌ហិម ជា​កូន​កាឌី ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​១០​ឆ្នាំ

18 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់ នោះ​ទ្រង់​មិន​បាន​វៀរ​បង់​លែង​តាម​អំពើ​បាប​ដែល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ធ្វើ ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម នោះ​ឡើយ

19 នៅ​គ្រា​នោះ ពូល ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​ទន្ទ្រាន​ចូល​ក្នុង​ស្រុក ហើយ​មណា‌ហិម ទ្រង់​ថ្វាយ​ប្រាក់​១​ពាន់​ហាប ដល់​ពូល​ឲ្យ​បាន​ពួត‌ដៃ​ជួយ​ឲ្យ​រាជ្យ​បាន​ខ្ជាប់‌ខ្ជួន នៅ​ក្នុង​អំណាច​ខ្លួន

20 ឯ​មណា‌ហិម ទ្រង់​ទារ​ប្រាក់​នោះ ពី​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គឺ​ពី​ពួក​អ្នក​មាន ក្នុង​ម្នាក់ៗ​៥០​រៀល សំរាប់​នឹង​ថ្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ ដូច្នេះ ស្តេច​អាស‌ស៊ើរ ទ្រង់​ក៏​ថយ​ចេញ​ទៅ​វិញ មិន​បាន​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ទេ

21 រីឯ​ដំណើរ​ឯ​ទៀត​ពី​មណា‌ហិម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

22 មណា‌ហិម​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ រួច​ពេកាហ៊ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។