9 ឯស្តេចអាសស៊ើរក៏ស្តាប់តាម រួចទ្រង់ឡើងទៅទាស់នឹងក្រុងដាម៉ាស ទ្រង់ច្បាំងចាប់យកបាន ហើយដឹកនាំពួកអ្នកក្រុងនោះ ទៅជាឈ្លើយដល់ស្រុកគារ ព្រមទាំងធ្វើគុតរេស៊ីនផង។
10 រួចមក ស្តេចអ័ហាសទ្រង់យាងទៅឯក្រុងដាម៉ាស ដើម្បីជួបនឹងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ អ័ហាសទ្រង់ឃើញអាសនា១ ដែលនៅក្រុងដាម៉ាសនោះ រួចទ្រង់ផ្ញើគំរូ និងទ្រង់ទ្រាយនៃអាសនានោះ តាមរបៀបរចនាគ្រប់យ៉ាងទៅអ៊ូរីយ៉ាដ៏ជាសង្ឃ
11 រួចអ៊ូរីយ៉ាដ៏ជាសង្ឃ ក៏ស្អាងអាសនា១ តាមគំរូដែលស្តេចអ័ហាសបានផ្ញើមកពីក្រុងដាម៉ាសនោះគ្រប់ជំពូក អ៊ូរីយ៉ាក៏ធ្វើឲ្យទាន់ស្តេចអ័ហាសយាងត្រឡប់មកពីក្រុងដាម៉ាសវិញ
12 កាលស្តេចបានយាងមកពីក្រុងដាម៉ាសវិញហើយ ទ្រង់ក៏ឃើញ ហើយទ្រង់យាងទៅឯអាសនានោះ ដើម្បីនឹងថ្វាយដង្វាយ
13 ទ្រង់ក៏ដុតដង្វាយដុត និងដង្វាយម្សៅ នៅលើអាសនានោះ ព្រមទាំងច្រួចដង្វាយច្រួច ហើយប្រោះឈាមនៃដង្វាយមេត្រីផង
14 ឯអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ា នោះទ្រង់ក៏យកចេញពីល្វែងមុខនៃព្រះវិហារ គឺពីកណ្តាលអាសនាទ្រង់ ហើយនឹងទីបរិសុទ្ធបំផុត ទៅដាក់នៅទិសខាងជើង នៃអាសនារបស់ទ្រង់វិញ
15 ស្តេចអ័ហាសក៏បង្គាប់ដល់អ៊ូរីយ៉ាដ៏ជាសង្ឃថា ត្រូវដុតដង្វាយដុតពេលព្រឹក និងដង្វាយម្សៅពេលល្ងាច ព្រមទាំងដង្វាយដុតរបស់ស្តេច និងដង្វាយម្សៅទ្រង់ ហើយទាំងដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួចរបស់ពួកជនទាំងឡាយ នៅលើអាសនាធំនោះ ក៏ត្រូវប្រោះឈាមដង្វាយដុត នឹងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនាលង្ហិននោះ ត្រូវទុកសំរាប់ឲ្យយើងទូលសួរដល់ព្រះ