4 តែស្តេចអាសស៊ើរទ្រង់បានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅឯសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ ដូចជារាល់ឆ្នាំទៀត ហេតុនោះបានជាស្តេចអាសស៊ើរ ក៏ចាប់ចងទ្រង់ឃុំទុកក្នុងគុក
5 រួចមកស្តេចអាសស៊ើរទ្រង់យាងមកសព្វគ្រប់ក្នុងស្រុក ក៏ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារីអស់៣ឆ្នាំ
6 នៅឆ្នាំទី៩ ក្នុងរាជ្យហូស៊ា នោះស្តេចអាសស៊ើរក៏វាយយកក្រុងសាម៉ារីបាន ហើយទ្រង់ដឹកនាំពួកអ៊ីស្រាអែលទៅឯស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡានៅមាត់ទន្លេហាបោ ជាទន្លេរបស់ស្រុកកូសាន ហើយនៅក្នុងទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ។
7 ការនោះកើតមក ដោយព្រោះតែពួកកូនចៅអ៊ីស្រាអែលបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃគេ ដែលទ្រង់បាននាំគេឡើងចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក ហើយដោយព្រោះគេបានកោតខ្លាចដល់ព្រះដទៃ
8 ព្រមទាំងប្រព្រឹត្តតាមអស់ទាំងទំនៀមទំលាប់នៃពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ និងតាមច្បាប់ដែលពួកស្តេចអ៊ីស្រាអែលបានតាំងដែរ
9 ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលមិនត្រឹមត្រូវ ដោយលួចលាក់ ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃគេ ក៏ធ្វើទីខ្ពស់សំរាប់ខ្លួន នៅគ្រប់ទាំងទីក្រុង ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង
10 គេបានធ្វើបង្គោលសំរាប់គោរព និងរូបព្រះ នៅលើអស់ទាំងទីភ្នំ ហើយនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានផង