7 ការនោះកើតមក ដោយព្រោះតែពួកកូនចៅអ៊ីស្រាអែលបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃគេ ដែលទ្រង់បាននាំគេឡើងចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក ហើយដោយព្រោះគេបានកោតខ្លាចដល់ព្រះដទៃ
8 ព្រមទាំងប្រព្រឹត្តតាមអស់ទាំងទំនៀមទំលាប់នៃពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ និងតាមច្បាប់ដែលពួកស្តេចអ៊ីស្រាអែលបានតាំងដែរ
9 ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលមិនត្រឹមត្រូវ ដោយលួចលាក់ ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃគេ ក៏ធ្វើទីខ្ពស់សំរាប់ខ្លួន នៅគ្រប់ទាំងទីក្រុង ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង
10 គេបានធ្វើបង្គោលសំរាប់គោរព និងរូបព្រះ នៅលើអស់ទាំងទីភ្នំ ហើយនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានផង
11 ឯនៅលើអស់ទាំងទីខ្ពស់នោះ គេក៏ដុតកំញានដូចជាសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខគេចេញ គេប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាការដែលនាំឲ្យព្រះយេហូវ៉ាទ្រង់មានសេចក្តីក្រោធ
12 គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាទ្រង់ហាមថា ឯងរាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
13 ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល និងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា និងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកអយ្យកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបំរើរបស់អញ