២ ពង្សាវតារក្សត្រ 18:14-20 KHOV

14 ឯ​ហេសេគា ជា​ស្តេច​យូដា ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អាស‌ស៊ើរ នៅ​ត្រង់​ក្រុង​ឡាគីស​ថា ទូល‌បង្គំ​បាន​ធ្វើ​ខុស​ហើយ សូម​ទ្រង់​ថយ​ចេញ​ពី​ទូល‌បង្គំ​ទៅ ទូល‌បង្គំ​នឹង​ទទួល​រ៉ាប់រង​តាម​បង្គាប់​របស់​ទ្រង់​ទាំង​អស់ ដូច្នេះ ស្តេច​អាស‌ស៊ើរ​ក៏​បង្គាប់ ឲ្យ​ហេសេគា ជា​ស្តេច​ស្រុក​យូដា បង់​ប្រាក់​៣០០​ហាប និង​មាស​៣០​ហាប

15 ហេសេគា​ក៏​យក​ប្រាក់​ទាំង​អស់ ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន ទៅ​ថ្វាយ​ដល់​ទ្រង់

16 វេលា​នោះ​ហេសេគា​ក៏​កាត់​យក​មាស​ពី​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សសរ​ដែល​ទ្រង់​បាន​ស្រោប​ទៅ​ថ្វាយ​ដល់​ស្តេច​អាស‌ស៊ើរ​ដែរ។

17 ឯ​ស្តេច​អាស‌ស៊ើរ​ទ្រង់​ចាត់​ថើថាន និង​រ៉ាប-សារី ហើយ​រ៉ាបសាកេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពល‌ទ័ព​ជា​ច្រើន ឲ្យ​ទៅ​ឯ​ហេសេគា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក

18 កាល​បាន​ហៅ​រក​ស្តេច នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ​ក៏​ចេញ​ទៅ​ឯ​គេ។

19 រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ដល់​ហេសេគា​ថា ស្តេច​ដ៏​ជា​ធំ គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ

20 ឯង​និយាយ​ថា យើង​មាន​គំនិត មាន​កំឡាំង ដើម្បី​នឹង​ច្បាំង​បាន (តែ​ពាក្យ​ឯង​ជា​ឥត​អំពើ​សោះ) ចុះ​តើ​ឯង​ពឹង​ដល់​អ្នក​ណា បាន​ជា​ឯង​បះ‌បោរ​នឹង​អញ​ដូច្នេះ