18 កាលបានហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញទៅឯគេ។
19 រ៉ាបសាកេប្រាប់គេថា ចូរទៅប្រាប់ដល់ហេសេគាថា ស្តេចដ៏ជាធំ គឺជាស្តេចស្រុកអាសស៊ើរ ទ្រង់មានព្រះបន្ទូលដូច្នេះ តើទីពឹងណាដែលឯងទុកចិត្តនេះ
20 ឯងនិយាយថា យើងមានគំនិត មានកំឡាំង ដើម្បីនឹងច្បាំងបាន (តែពាក្យឯងជាឥតអំពើសោះ) ចុះតើឯងពឹងដល់អ្នកណា បានជាឯងបះបោរនឹងអញដូច្នេះ
21 មើល ឯងពឹងដល់ស្រុកអេស៊ីព្ទ ជាដើមត្រែងកំបាក់នោះ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទំលុះដៃវិញ គឺផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ
22 តែបើឯងរាល់គ្នានិយាយមកអញថា យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ នោះតើមិនមែនជាព្រះនោះឯង ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនានៃទ្រង់ចេញទេឬអី ដោយប្រាប់ដល់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡិមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនា១នេះ នៅក្រុងយេរូសាឡិមវិញ
23 ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចអាសស៊ើរ ជាចៅហ្វាយអញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន
24 បើដូច្នេះ ធ្វើដូចម្តេចឲ្យឯងឈ្នះមេទ័ព១យ៉ាងតូច ក្នុងពួកអ្នកបំរើរបស់ចៅហ្វាយអញបាន ហើយទុកចិត្តនឹងស្រុកអេស៊ីព្ទ ឲ្យបានរទេះចំបាំង និងទ័ពសេះទៀត