6 ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលះបង់លែងតាមទ្រង់ឡើយ គឺបានកាន់តាមអស់ទាំងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ
7 ព្រះយេហូវ៉ាក៏គង់ជាមួយនឹងទ្រង់ដែរ ហើយកន្លែងណាដែលទ្រង់យាងទៅ នោះក៏បានកើតការ ទ្រង់បះបោរ លែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ
8 ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខែត្រដែលនៅជុំវិញ ចាប់ជុំវិញតាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។
9 នៅឆ្នាំទី៤ ក្នុងរាជ្យស្តេចហេសេគា ត្រូវនឹងឆ្នាំទី៧នៃរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះសាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
10 លុះច្បាំងគ្រប់៣ឆ្នាំហើយ ទើបចាប់យកក្រុងនោះបាន គឺក្នុងឆ្នាំទី៦ នៃរាជ្យហេសេគា ដែលត្រូវនឹងឆ្នាំទី៩នៃរាជ្យហូស៊ា ស្តេចអ៊ីស្រាអែល នោះគេចាប់យកក្រុងសាម៉ារីបាន
11 ស្តេចស្រុកអាសស៊ើរ ទ្រង់ក៏ដឹកនាំពួកអ៊ីស្រាអែល ទៅឯស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ
12 ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃគេ គឺបានរំលងសេចក្តីសញ្ញានៃទ្រង់ ជាសេចក្តីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបំរើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។