1 លុះកាលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
2 រួចទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស
3 គេក៏ជំរាបដល់លោកថា ហេសេគាទ្រង់មានព្រះបន្ទូលដូច្នេះ ថ្ងៃនេះជាថ្ងៃមានសេចក្តីវេទនា សេចក្តីផ្ចាញ់ផ្ចាល និងសេចក្តីដំនៀលប្រៀបដូចជាកូនគ្រប់ខែហើយ តែគ្មានកំឡាំងនឹងសំរាលមកសោះ
4 ប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់នឹងឮអស់ពាក្យទាំងប៉ុន្មានរបស់រ៉ាបសាកេនេះ ដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយនឹងបន្ទោសដល់គេ ដោយព្រោះពាក្យទាំងនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃលោក បានឮហើយទេដឹង ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ
5 នោះពួកជំនិតស្តេចហេសេគាក៏មកឯអេសាយ
6 ហើយអេសាយលោកមានប្រសាសន៍ថា ត្រូវឲ្យអ្នករាល់គ្នាទូលដល់ចៅហ្វាយរបស់អ្នកថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យខ្លាចចំពោះពាក្យសំដី ដែលឯងបានឮ ជាពាក្យដែលពួកបំរើរបស់ស្តេចអាសស៊ើរ បានប្រមាថដល់អញនោះឡើយ