27 អញដឹងកន្លែងដែលឯងអង្គុយ និងវេលាណាដែលឯងចេញចូល ក៏ស្គាល់សេចក្តីដែលឯងខឹងក្តៅនឹងអញដែរ
28 ដោយព្រោះឯងខឹងនឹងអញដូច្នេះ ហើយដោយព្រោះសេចក្តីព្រហើនរបស់ឯង បានឮមកដល់ត្រចៀកអញ នោះអញនឹងដាក់កន្លុះរបស់អញនៅច្រមុះឯង និងដែកបង្ខាំងរបស់អញនៅមាត់ឯង ហើយអញនឹងញាក់ឯង ឲ្យវិលទៅតាមផ្លូវ ដែលឯងបានមកនោះវិញ។
29 ការនេះនឹងបានជាទីសំគាល់ដល់ឯងរាល់គ្នា គឺនៅឆ្នាំនេះ ឯងរាល់គ្នានឹងបរិភោគផលដែលដុះឯង ដល់ឆ្នាំទី២ នោះនឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទី៣ត្រូវឲ្យឯងរាល់គ្នាសាបព្រោះ ច្រូតកាត់ ហើយដាំចំការទំពាំងបាយជូរ រួចបរិភោគពីផលទាំងនោះទៅ
30 ឯសំណល់នៃពួកកូនចៅយូដា ដែលរួចជីវិត គេនឹងចាក់ឫសទៅក្រោម ហើយនឹងបង្កើតផលទៅលើ
31 ដ្បិតនឹងមានសំណល់ចេញពីក្រុងយេរូសាឡិមទៅ ព្រមទាំងពួកអ្នកដែលរួចជីវិត ចេញពីក្រុងស៊ីយ៉ូនដែរ សេចក្តីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងធ្វើការនោះ
32 ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលពីដំណើរស្តេចអាសស៊ើរដូច្នេះថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ
33 គឺគេនឹងវិលទៅវិញតាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា