២ ពង្សាវតារក្សត្រ 19:4-10 KHOV

4 ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​នឹង​ឮ​អស់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​រ៉ាបសាកេ​នេះ ដែល​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​ឮ​ហើយ​ទេ​ដឹង ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ

5 នោះ​ពួក​ជំនិត​ស្តេច​ហេសេគា​ក៏​មក​ឯ​អេសាយ

6 ហើយ​អេសាយ​លោក​មាន​ប្រសាសន៍​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ដល់​ចៅ‌ហ្វាយ​របស់​អ្នក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី ដែល​ឯង​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បំរើ​របស់​ស្តេច​អាស‌ស៊ើរ បាន​ប្រមាថ​ដល់​អញ​នោះ​ឡើយ

7 មើល អញ​នឹង​បណ្តាល​គំនិត​វា​ឲ្យ​សំរេច​នឹង​ត្រឡប់​ទៅ​ស្រុក​វា​វិញ ដោយ​បាន​ឮ​ដំណឹង​មួយ រួច​អញ​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ។

8 ឯ​រ៉ាបសាកេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ

9 រួច​កាល​មាន​ដំណឹង​ឮ​មក​ដល់​ទ្រង់​ថា ទារ‌ហា‌កា ជា​ស្តេច​ស្រុក​អេធីយ៉ូពី បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​ចាត់​សារ ឲ្យ​ទៅ​ឯ​ហេសេគា ដោយ​ពាក្យ​ថា

10 ចូរ​ឯង​រាល់​គ្នា​ប្រាប់​ដល់​ហេសេគា ជា​ស្តេច​យូដា​ដូច្នេះ​ថា កុំ​ឲ្យ​ព្រះ​របស់​ផង​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ បញ្ឆោត​ឯង​ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ