២ ពង្សាវតារក្សត្រ 2:3-9 KHOV

3 រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល គេ​ចេញ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក ពី​មុខ​លោក​ចេញ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ

4 អេលីយ៉ា​ក៏​ប្រាប់​គាត់​ថា អេលី‌សេ​អើយ សូម​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ក្រុង​យេរីខូរ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ទៅ​ដល់​យេរីខូរ

5 រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​យេរីខូរ គេ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក​ពី​មុខ​លោក​ទៅ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ

6 រួច​អេលីយ៉ា​ប្រាប់​គាត់​ថា សូម​ឲ្យ​ឯង​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ទន្លេ​យ័រដាន់ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ដើរ​ត​ទៅ

7 មាន​ពួក​សិស្ស​៥០​នាក់​នៃ​ពួក​ហោរា ក៏​តាម​ទៅ​ឈរ​មើល​ពី​ចំងាយ តែ​អ្នក​ទាំង​២​ក៏​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់

8 ឯ​អេលីយ៉ា​លោក​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​២​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក

9 កាល​បាន​ឆ្លង​ទៅ​ផុត​ហើយ នោះ​អេលីយ៉ា​ប្រាប់​អេលី‌សេ​ថា ចូរ​ឲ្យ​ឯង​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​អញ​ធ្វើ​សំរាប់​ឯង ក្នុង​ពេល​មុន​ដែល​ព្រះ​បាន​លើក​អញ​ឡើង​ពី​ឯង​ទៅ អេលី‌សេ​ឆ្លើយ​ថា សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ ដល់​ទៅ​២​ភាគ​ផង