6 រួចអេលីយ៉ាប្រាប់គាត់ថា សូមឲ្យឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯទន្លេយ័រដាន់ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ដើរតទៅ
7 មានពួកសិស្ស៥០នាក់នៃពួកហោរា ក៏តាមទៅឈរមើលពីចំងាយ តែអ្នកទាំង២ក៏ឈរនៅមាត់ទន្លេយ័រដាន់
8 ឯអេលីយ៉ាលោកយកក្រមារបស់លោកបត់វាយទឹក នោះទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំង២បានដើរឆ្លងទៅនៅដីគោក
9 កាលបានឆ្លងទៅផុតហើយ នោះអេលីយ៉ាប្រាប់អេលីសេថា ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសំរាប់ឯង ក្នុងពេលមុនដែលព្រះបានលើកអញឡើងពីឯងទៅ អេលីសេឆ្លើយថា សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ ដល់ទៅ២ភាគផង
10 លោកមានប្រសាសន៍ថា ឯងបានសូមសេចក្តីយ៉ាងពិបាក ប៉ុន្តែបើឯងឃើញអញ ក្នុងកាលដែលព្រះលើកអញឡើងពីឯងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញវិញ នោះមិនបានទេ
11 រួចកំពុងដែលអ្នកទាំង២ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើង និងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ ដោយខ្យល់កួច
12 អេលីសេក៏បានឃើញ ហើយស្រែកឡើងថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នុ៎ះន៏ ព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ រួចលោកមិនបានឃើញអេលីយ៉ាទៀតឡើយ នោះលោកចាប់អាវខ្លួនហែកចេញជា២ផ្នែក