13 អញនឹងវាស់ក្រុងយេរូសាឡិម ដោយខ្សែសិនរបស់ក្រុងសាម៉ារី ហើយដោយកូនតឹងនៃជំនួរវង្សអ័ហាប់ អញនឹងជូតក្រុងយេរូសាឡិម ដូចជាគេជូតចាន គឺទាំងជូត ហើយដាក់ផ្កាប់ផង
14 អញនឹងបោះបង់ចោលសំណល់ នៃមរដករបស់អញទៅ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេនឹងត្រឡប់ជារំពា និងរបឹប ដល់អស់ទាំងពួកខ្មាំងសត្រូវគេ
15 គឺដោយព្រោះគេបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅភ្នែកអញ ព្រមទាំងបណ្តាលឲ្យអញមានសេចក្តីក្រោធ ចាប់តាំងពីថ្ងៃដែលពួកអយ្យកោគេ បានចេញពីស្រុកអេស៊ីព្ទមក ដរាបដល់ថ្ងៃនេះ។
16 មួយទៀត ម៉ាន៉ាសេទ្រង់បានកំចាយឈាម ដែលឥតទោសជាច្រើន ទាល់តែបានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមនោះ ចាប់តាំងពីម្ខាងទៅដល់ម្ខាង នេះក្រៅពីអំពើបាបដែលទ្រង់បានធ្វើ ដែលនាំឲ្យពួកយូដាធ្វើតាម ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា
17 រីឯដំណើរឯទៀតពីម៉ាន៉ាសេ និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ហើយអំពើបាបដែលទ្រង់ប្រព្រឹត្ត នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
18 ម៉ាន៉ាសេក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់ នៅក្នុងច្បារនៃដំណាក់ទ្រង់ គឺក្នុងច្បាប់របស់អ៊ូសា រួចអាំម៉ូន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
19 កាលអាំម៉ូនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមថា មស៊ូលេមេតបុត្រីរបស់ហារូស ជាអ្នកស្រុកយ៉ុតបា