6 ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើងក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាអំពើដែលនាំឲ្យព្រះមានសេចក្តីក្រោធ
7 ទ្រង់ក៏យករូបព្រះឆ្លាក់ ដែលទ្រង់បានធ្វើ ទៅតាំងនៅក្នុងព្រះវិហារ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងដាវីឌ ហើយនឹងសាឡូម៉ូន ជាបុត្រទ្រង់ថា អញនឹងតាំងឈ្មោះអញ ឲ្យនៅក្នុងព្រះវិហារនេះ ហើយនៅក្នុងក្រុងយេរូសាឡិម ដែលអញបានរើសពីគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ
8 ហើយនឹងមិនដែលឲ្យជើងសាសន៍អ៊ីស្រាអែល ដើរសាត់ព្រាត់ចេញពីស្រុក ដែលអញបានឲ្យដល់ពួកអយ្យកោគេទៀតឡើយ ឲ្យតែគេបានប្រយ័ត្ននឹងកាន់តាមគ្រប់ទាំងសេចក្តី ដែលអញបានបង្គាប់ដល់គេ ហើយតាមក្រឹត្យវិន័យទាំងអស់ដែលម៉ូសេ ជាអ្នកបំរើអញ បានបង្គាប់ដល់គេផង
9 តែគេមិនបានស្តាប់តាមសោះ ហើយម៉ាន៉ាសេក៏ល្បួងគេ ឲ្យប្រព្រឹត្តអំពើដ៏លាមកអាក្រក់ លើសជាងសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែលចេញទៅទៀត។
10 ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូល ដោយសារពួកហោរា ជាអ្នកពួកបំរើទ្រង់ថា
11 ដោយព្រោះម៉ាន៉ាសេជាស្តេចយូដា បានធ្វើការដែលគួរស្អប់ខ្ពើមទាំងអស់នេះ ហើយបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ លើសជាងគ្រប់ទាំងអំពើរបស់សាសន៍អាម៉ូរីដែលនៅមុនគេ ព្រមទាំងបណ្តាលឲ្យពួកយូដាធ្វើបាប តាមរូបព្រះខ្លួនផង
12 នោះបានជាព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងបណ្តាឲ្យកើតមានសេចក្តីអាក្រក់ នៅក្រុងយេរូសាឡិម ហើយនៅស្រុកយូដា ដល់ម៉្លេះបានជាអ្នកណាដែលឮនិយាយ នោះត្រចៀកគេទាំងសងខាងនឹងខ្ទរខ្ទ័រ