២ ពង្សាវតារក្សត្រ 21:9-15 KHOV

9 តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាន៉ាសេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទៀត។

10 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ពួក​ហោរា ជា​អ្នក​ពួក​បំរើ​ទ្រង់​ថា

11 ដោយ​ព្រោះ​ម៉ាន៉ាសេ​ជា​ស្តេច​យូដា បាន​ធ្វើ​ការ​ដែល​គួរ​ស្អប់​ខ្ពើម​ទាំង​អស់​នេះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​គ្រប់​ទាំង​អំពើ​របស់​សាសន៍​អាម៉ូរី​ដែល​នៅ​មុន​គេ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា​ធ្វើ​បាប តាម​រូប​ព្រះ​ខ្លួន​ផង

12 នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​បណ្តា​ឲ្យ​កើត​មាន​សេចក្តី​អាក្រក់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ស្រុក​យូដា ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ដែល​ឮ​និយាយ នោះ​ត្រចៀក​គេ​ទាំង​សង​ខាង​នឹង​ខ្ទរខ្ទ័រ

13 អញ​នឹង​វាស់​ក្រុង​យេរូ‌សាឡិម ដោយ​ខ្សែ​សិន​របស់​ក្រុង​សាម៉ារី ហើយ​ដោយ​កូន​តឹង​នៃ​ជំនួរ​វង្ស​អ័ហាប់ អញ​នឹង​ជូត​ក្រុង​យេរូ‌សាឡិម ដូច​ជា​គេ​ជូត​ចាន គឺ​ទាំង​ជូត ហើយ​ដាក់​ផ្កាប់​ផង

14 អញ​នឹង​បោះ‌បង់​ចោល​សំណល់ នៃ​មរដក​របស់​អញ​ទៅ ព្រម​ទាំង​ប្រគល់​គេ​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ត្រឡប់​ជា​រំពា និង​របឹប ដល់​អស់​ទាំង​ពួក​ខ្មាំង​សត្រូវ​គេ

15 គឺ​ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ភ្នែក​អញ ព្រម​ទាំង​បណ្តាល​ឲ្យ​អញ​មាន​សេចក្តី​ក្រោធ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​អយ្យកោ​គេ បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​ថ្ងៃ​នេះ។