13 ចូរឲ្យអ្នករាល់គ្នាទៅទូលសួរដល់ព្រះយេហូវ៉ា ពីដំណើរព្រះបន្ទូលដែលមានក្នុងគម្ពីរ ដែលគេបានប្រទះឃើញនេះ ឲ្យយើង និងពួកបណ្តាជន ជាពួកយូដាទាំងអស់គ្នាផង ដ្បិតសេចក្តីក្រេវក្រោធរបស់ព្រះយេហូវ៉ា ដែលកើតឡើងទាស់នឹងយើងរាល់គ្នា នោះខ្លាំងក្រៃលែង ពីព្រោះពួកអយ្យកោយើងរាល់គ្នា មិនបានស្តាប់តាមព្រះបន្ទូលក្នុងគម្ពីរនេះ ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តី ដែលបានបង្គាប់មកយើងរាល់គ្នាទេ។
14 ដូច្នេះ ហ៊ីលគីយ៉ា ជាសំដេចសង្ឃ និងអ័ហ៊ីកាម អ័កបោរ សាផាន ហើយអ័សាយ៉ា គេក៏ទៅឯហោរាស្រីឈ្មោះហ៊ុលដា ជាប្រពន្ធរបស់សាលូម ជាកូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្រស្តេច (ហោរាស្រីនោះនៅឃុំលេខ២ក្នុងក្រុងយេរូសាឡិម) ហើយគេស្នើការនឹងនាង
15 នាងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់មនុស្ស ដែលចាត់អ្នករាល់គ្នាមកឯខ្ញុំថា
16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើទីនេះ ហើយលើបណ្តាជនដែលនៅក្រុងនេះដែរ គឺគ្រប់ទាំងសេចក្តីក្នុងគម្ពីរ ដែលស្តេចយូដាបានទតនោះ
17 ពីព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យអញមានសេចក្តីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្តីក្រោធរបស់អញ នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង
18 តែត្រូវឲ្យអ្នករាល់គ្នាទូលដល់ស្តេចយូដា ដែលចាត់អ្នករាល់គ្នា ឲ្យទៅទូលសួរព្រះយេហូវ៉ាថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រង់ឯពាក្យដែលឯងបានឮ
19 នោះដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលឯងបានឮសេចក្តី ដែលអញបានទាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្តាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាសេចក្តីបណ្តាសា ហើយដោយព្រោះឯងបានហែកសំលៀកបំពាក់ ព្រមទាំងយំនៅមុខអញដូច្នេះ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញក៏បានឮហើយ