២ ពង្សាវតារក្សត្រ 23:26-32 KHOV

26 ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​អន់​ថយ ពី​សេចក្តី​ក្រោធ​ដ៏​ជា​ខ្លាំង ដែល​ទ្រង់​កើត​មាន​ដល់​ពួក​យូដា ដោយ​ព្រោះ​អស់​ទាំង​សេចក្តី​ចាក់‌រុក ដែល​ម៉ាន៉ាសេ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​នោះ​ឡើយ

27 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ដក​ពួក​យូដា​ពី​មុខ​អញ​ចេញ ដូច​ជា​អញ​បាន​ដក​ពួក​អ៊ីស្រា‌អែល​ចេញ​ដែរ ហើយ​អញ​នឹង​បោះ‌បង់​ចោល​ក្រុង​យេរូ‌សាឡិម​នេះ ដែល​អញ​បាន​រើស និង​ព្រះ‌វិហារ​ដែល​អញ​បាន​ថា ឈ្មោះ​អញ​នឹង​នៅ​ទី​នេះ​នោះ​ផង។

28 រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសៀស និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

29 នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឡើង​ទៅ​ច្បាំង​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ ត្រង់​ទន្លេ​អ៊ើប្រាត ឯ​ស្តេច​យ៉ូសៀស​ទ្រង់​ក៏​ចេញ​ទៅ​ស្ទាក់​ផ្លូវ តែ​កាល​ផារ៉ោន-នេកោ​បាន​ឃើញ នោះ​ក៏​សំឡាប់​ទ្រង់​នៅ​ត្រង់​មេគី‌ដោ​ទៅ។

30 ពួក​អ្នក​បំរើ​ទ្រង់ ក៏​ដឹក​សព​ទ្រង់​ក្នុង​រទេះ​ពី​មេគី‌ដោ ទៅ​ដល់​ក្រុង​យេរូ‌សាឡិម​វិញ បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ រួច​ពួក​អ្នក​ស្រុក គេ​លើក​យ៉ូអា‌ហាស ជា​ព្រះ‌រាជ‌បុត្រា​របស់​យ៉ូសៀស ចាក់​ប្រេង​តាំង​ឡើង ជា​ស្តេច​ជំនួស​បិតា។

31 លុះ​កាល​យ៉ូអា‌ហាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៣​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ ព្រះ‌មាតា​ព្រះ‌នាម​ជា ហាមូ‌ថាល​បុត្រី​យេរេមី ជា​អ្នក​ស្រុក​លិបណា

32 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ ដែល​ពួក​អយ្យកោ​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ