27 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងដកពួកយូដាពីមុខអញចេញ ដូចជាអញបានដកពួកអ៊ីស្រាអែលចេញដែរ ហើយអញនឹងបោះបង់ចោលក្រុងយេរូសាឡិមនេះ ដែលអញបានរើស និងព្រះវិហារដែលអញបានថា ឈ្មោះអញនឹងនៅទីនេះនោះផង។
28 រីឯដំណើរឯទៀតពីយ៉ូសៀស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
29 នៅក្នុងរាជ្យទ្រង់ នោះផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ក៏ឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ឯស្តេចយ៉ូសៀសទ្រង់ក៏ចេញទៅស្ទាក់ផ្លូវ តែកាលផារ៉ោន-នេកោបានឃើញ នោះក៏សំឡាប់ទ្រង់នៅត្រង់មេគីដោទៅ។
30 ពួកអ្នកបំរើទ្រង់ ក៏ដឹកសពទ្រង់ក្នុងរទេះពីមេគីដោ ទៅដល់ក្រុងយេរូសាឡិមវិញ បញ្ចុះនៅក្នុងផ្នូររបស់ទ្រង់ រួចពួកអ្នកស្រុក គេលើកយ៉ូអាហាស ជាព្រះរាជបុត្រារបស់យ៉ូសៀស ចាក់ប្រេងតាំងឡើង ជាស្តេចជំនួសបិតា។
31 លុះកាលយ៉ូអាហាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៣ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាព្រះនាមជា ហាមូថាលបុត្រីយេរេមី ជាអ្នកស្រុកលិបណា
32 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលពួកអយ្យកោទ្រង់បានប្រព្រឹត្តដែរ
33 ឯផារ៉ោន-នេកោក៏ចាប់ចងទ្រង់ នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យ នៅក្រុងយេរូសាឡិមទៀត ក៏ដំរូវឲ្យស្រុកនោះត្រូវបង់សួយជាប្រាក់១០០ហាប និងមាស១ហាប