២ ពង្សាវតារក្សត្រ 23:30-36 KHOV

30 ពួក​អ្នក​បំរើ​ទ្រង់ ក៏​ដឹក​សព​ទ្រង់​ក្នុង​រទេះ​ពី​មេគី‌ដោ ទៅ​ដល់​ក្រុង​យេរូ‌សាឡិម​វិញ បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ រួច​ពួក​អ្នក​ស្រុក គេ​លើក​យ៉ូអា‌ហាស ជា​ព្រះ‌រាជ‌បុត្រា​របស់​យ៉ូសៀស ចាក់​ប្រេង​តាំង​ឡើង ជា​ស្តេច​ជំនួស​បិតា។

31 លុះ​កាល​យ៉ូអា‌ហាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៣​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ ព្រះ‌មាតា​ព្រះ‌នាម​ជា ហាមូ‌ថាល​បុត្រី​យេរេមី ជា​អ្នក​ស្រុក​លិបណា

32 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ ដែល​ពួក​អយ្យកោ​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ

33 ឯ​ផារ៉ោន-នេកោ​ក៏​ចាប់​ចង​ទ្រង់ នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម​ទៀត ក៏​ដំរូវ​ឲ្យ​ស្រុក​នោះ​ត្រូវ​បង់​សួយ​ជា​ប្រាក់​១០០​ហាប និង​មាស​១​ហាប

34 រួច​ផារ៉ោន-នេកោ ទ្រង់​លើក​អេលា‌គីម ជា​បុត្រ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​យ៉ូសៀស ជា​ព្រះ‌បិតា ហើយ​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ា‌គីម​វិញ ទ្រង់​ក៏​នាំ​យក​យ៉ូអា‌ហាស ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យ៉ូអា‌ហាស​សុគត​នៅ​ស្រុក​នោះ

35 ឯ​យេហូ‌យ៉ា‌គីម ទ្រង់​ថ្វាយ​ប្រាក់ និង​មាស​នោះ ដល់​ផារ៉ោន តែ​ទ្រង់​ទារ​ពន្ធ‌អាករ​ពី​ពួក​អ្នក​ស្រុក ដើម្បី​ឲ្យ​បាន​ប្រាក់​នោះ​ថ្វាយ តាម​បង្គាប់​ផារ៉ោន ទ្រង់​បាន​ទារ​មាស​ប្រាក់​នោះ ពី​ពួក​អ្នក​ស្រុក​គ្រប់​គ្នា​តាម​ពន្ធ​រៀង​ខ្លួន ដើម្បី​នឹង​ថ្វាយ​ដល់​ផារ៉ោន-នេកោ។

36 លុះ​កាល​យេហូ‌យ៉ា‌គីម​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១១​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​សេប៊ូដា បុត្រី​ពេដាយ៉ា ជា​អ្នក​ស្រុក​រូម៉ា