31 លុះកាលយ៉ូអាហាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៣ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាព្រះនាមជា ហាមូថាលបុត្រីយេរេមី ជាអ្នកស្រុកលិបណា
32 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលពួកអយ្យកោទ្រង់បានប្រព្រឹត្តដែរ
33 ឯផារ៉ោន-នេកោក៏ចាប់ចងទ្រង់ នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យ នៅក្រុងយេរូសាឡិមទៀត ក៏ដំរូវឲ្យស្រុកនោះត្រូវបង់សួយជាប្រាក់១០០ហាប និងមាស១ហាប
34 រួចផារ៉ោន-នេកោ ទ្រង់លើកអេលាគីម ជាបុត្រយ៉ូសៀស តាំងឡើងជាស្តេចជំនួសយ៉ូសៀស ជាព្រះបិតា ហើយផ្លាស់ព្រះនាមទ្រង់ទៅជា យេហូយ៉ាគីមវិញ ទ្រង់ក៏នាំយកយ៉ូអាហាស ទៅនៅស្រុកអេស៊ីព្ទ ហើយយ៉ូអាហាសសុគតនៅស្រុកនោះ
35 ឯយេហូយ៉ាគីម ទ្រង់ថ្វាយប្រាក់ និងមាសនោះ ដល់ផារ៉ោន តែទ្រង់ទារពន្ធអាករពីពួកអ្នកស្រុក ដើម្បីឲ្យបានប្រាក់នោះថ្វាយ តាមបង្គាប់ផារ៉ោន ទ្រង់បានទារមាសប្រាក់នោះ ពីពួកអ្នកស្រុកគ្រប់គ្នាតាមពន្ធរៀងខ្លួន ដើម្បីនឹងថ្វាយដល់ផារ៉ោន-នេកោ។
36 លុះកាលយេហូយ៉ាគីមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាសេប៊ូដា បុត្រីពេដាយ៉ា ជាអ្នកស្រុករូម៉ា
37 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលពួកអយ្យកោទ្រង់បានប្រព្រឹត្តដែរ។