9 ឯអស់ទាំងសង្ឃនៃទីខ្ពស់ទាំងនោះ គេមិនបានឡើងទៅឯអាសនាព្រះយេហូវ៉ានៅក្រុងយេរូសាឡិមទេ តែគេបរិភោគនំបុ័ងឥតដំបែ នៅជាមួយនឹងពួកបងប្អូនគេដែរ
10 ទ្រង់ក៏ធ្វើបង្អាប់ដល់តំបន់តូផែត ដែលនៅក្នុងច្រកភ្នំ របស់ពួកកូនចៅហ៊ីនណំម ដើម្បីមិនឲ្យមានអ្នកណាធ្វើឲ្យកូនប្រុស ឬកូនស្រី ឆ្លងកាត់ភ្លើងថ្វាយព្រះម៉ូឡុកទៀតឡើយ
11 ទ្រង់បំបាត់សេះទាំងប៉ុន្មាន ដែលពួកស្តេចយូដា បានថ្វាយដល់ព្រះអាទិត្យដែលនៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា ក្បែរបន្ទប់របស់នេថាន-មេលេក ជាមេដែលនៅតំបន់ក្រៅ ហើយក៏ដុតរថនៃព្រះអាទិត្យចោល
12 ឯអាសនាដែលពួកស្តេចយូដាបានធ្វើ នៅលើដំបូលបន្ទប់ខាងលើរបស់អ័ហាស និងអាសនាដែលម៉ាន៉ាសេ បានធ្វើនៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា នោះស្តេចក៏បំបែកបំបាក់យកចេញពីនោះ បោះចោលផង់កំទេចទៅក្នុងជ្រោះកេដ្រុនទៅ
13 ហើយទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡិម គឺនៅខាងស្តាំភ្នំអសោច ដែលសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន និងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយដង្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្តេចទ្រង់ក៏ធ្វើបង្អាប់ទាំងអស់ដែរ
14 ក៏បំបាក់បំបែកអស់ទាំងបង្គោល ដែលសំរាប់គោរព ហើយរំលំរូបព្រះ រួចយកឆ្អឹងមនុស្សមករាយពេញកន្លែងនោះ។
15 ឯអាសនាដែលនៅត្រង់ក្រុងបេត-អែល និងទីខ្ពស់ ដែលយេរ៉ូបោម កូននេបាត ជាអ្នកដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាប បានធ្វើ ទ្រង់ក៏បំបែកបំបាក់អាសនា និងទីខ្ពស់ ព្រមទាំងដុតទីខ្ពស់នោះ វាយកំទេចជាផង់ធូលី ហើយដុតរូបព្រះផង