២ ពង្សាវតារក្សត្រ 24:1-7 KHOV

1 នៅ​រាជ្យ​ទ្រង់ នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ក៏​ឡើង​មក ហើយ​យេហូ‌យ៉ា‌គីម​ក៏​ចុះ​ចូល​ជា​អ្នក​បំរើ​ទ្រង់​អស់​៣​ឆ្នាំ ក្រោយ​មក​បែរ​ជា​បះ‌បោរ​នឹង​ទ្រង់​វិញ

2 គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ប្រើ​ពួក​កង​សាសន៍​ខាល់ដេ សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ឲ្យ​មក​ទាស់​នឹង​ទ្រង់ ដើម្បី​នឹង​បំផ្លាញ​ស្រុក​យូដា​ទៅ តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់

3 ពិត​ប្រាកដ​ជា​សេចក្តី​ទាំង​នោះ​កើត​មក​ដល់​ស្រុក​យូដា ដោយ​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ដក​គេ ពី​ចំពោះ​ទ្រង់​ចេញ ដោយ​ព្រោះ​អំពើ​បាប​របស់​ម៉ាន៉ាសេ ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន

4 ហើយ​ដោយ​ព្រោះ​ឈាម​ឥត​ទោស ដែល​ទ្រង់​បាន​កំចាយ​ផង ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម ពេញ​ដោយ​ឈាម​ដែល​ឥត​ទោស​នោះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​អត់​ទោស​ឲ្យ​ទេ

5 រីឯ​ដំណើរ​ឯ​ទៀត​ពី​យេហូ‌យ៉ា‌គីម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ស្រេច​ហើយ

6 យេហូ‌យ៉ា‌គីម​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ រួច​យ៉ូយ៉ា‌គីន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា

7 ឯ​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​មិន​បាន​ចេញ​ពី​ស្រុក​ទ្រង់​មក​ទៀត​ទេ ដ្បិត​ស្តេច​ស្រុក​បាប៊ី‌ឡូន ទ្រង់​បាន​វាយ​យក​ស្រុក​របស់​ស្តេច​អេស៊ីព្ទ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​អ៊ើប្រាត​ហើយ។