២ ពង្សាវតារក្សត្រ 24:10-16 KHOV

10 នៅ​គ្រា​នោះ ពួក​ពល‌ទ័ព​របស់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម

11 ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន ទ្រង់​ក៏​ឡើង​មក​ដល់​ទី​ក្រុង កំពុង​ដែល​ពួក​ពល‌ទ័ព​ទ្រង់​ឡោម‌ព័ទ្ធ​នោះ

12 ហើយ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​ព្រះ‌មាតា ពួក​ជំនិត ពួក​អ្នក​ធំ និង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ក៏​ចេញ​ទៅ​គាល់​ស្តេច​បាប៊ី‌ឡូន គឺ​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់​នោះ​ឯង ដែល​ស្តេច​បាប៊ី‌ឡូន​ចាប់​យក​បាន

13 នេប៊ូ‌ក្នេសា​ក៏​នាំ​យក​អស់​ទាំង​ទ្រព្យ​វិសេស ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​ព្រះ‌រាជ‌វាំង​ចេញ​មក ក៏​យក​អស់​ទាំង​គ្រឿង​ប្រដាប់​មាស ដែល​សាឡូ‌ម៉ូន ជា​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា កាត់​ជា​ដុំៗ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល

14 ទ្រង់​ក៏​ដឹក‌នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ផង ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​១​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា និង​ពួក​ជាង​ទាំង​អស់​ដែរ សល់​នៅ​តែ​មនុស្ស​ទាល់​ក្រ​បំផុត នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ

15 ទ្រង់​ក៏​ដឹក‌នាំ​យ៉ូយ៉ា‌គីន ព្រម​ទាំង​ព្រះ‌មាតា និង​ភរិយា ហើយ​ពួក​មេ‌ទ័ព និង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ផង ទៅ​ឯ​ស្រុក​បាប៊ី‌ឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ី‌ឡូន​នោះ

16 ឯ​អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ ចំនួន​ជា​៧​ពាន់​នាក់ និង​ពួក​រចនា ហើយ​ពួក​ជាង ចំនួន​ជា​១​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពេញ​កំឡាំង​ល្មម​ច្បាំង​បាន នោះ​ស្តេច​បាប៊ី‌ឡូន​បាន​នាំ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ី‌ឡូន​ទាំង​អស់