២ ពង្សាវតារក្សត្រ 4 KHOV

ហោរា​អេលី‌សេ​ជួយ​ស្ត្រី​មេម៉ាយ​ម្នាក់

1 រីឯ​មាន​ស្ត្រី​ម្នាក់ ជា​ប្រពន្ធ​នៃ​ពួក​សិស្ស របស់​ពួក​ហោរា​ម្នាក់ នាង​បាន​ស្រែក​ដល់​អេលី‌សេ​ថា ប្ដី​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បំរើ​របស់​លោក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​ខ្ញុំ​ទាំង​២​ទៅ​ធ្វើ​ជា​បាវ​បំរើ

2 អេលី‌សេ​សួរ​នាង​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក សូម​ប្រាប់​ខ្ញុំ​ចុះ តើ​អ្នក​មាន​អ្វី​នៅ​ផ្ទះ នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​គ្មាន​អ្វី​នៅ​ផ្ទះ​ទេ មាន​តែ​ដប​ប្រេង​១​ប៉ុណ្ណោះ

3 ដូច្នេះ លោក​ប្រាប់​ថា ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​ពួក​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ

4 រួច​ឲ្យ​អ្នក​នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ទៅ ហើយ​ចាក់​ប្រេង​ទៅ​ក្នុង​ភាជនៈ​ទាំង​នោះ កាល​ណា​មាន​១​ណា​ពេញ នោះ​ចូរ​ដាក់​ទុក​ទៅ​ខាង​ម្ខាង

5 ដូច្នេះ នាង​ក៏​ចេញ​ពី​លោក​ទៅ នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ កូន​ទាំង​២​ក៏​ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ក៏​ចាក់​ប្រេង​ដាក់

6 លុះ​ភាជនៈ​ទាំង​នោះ​បាន​ពេញ​ហើយ នោះ​នាង​បង្គាប់​កូន​ថា ចូរ​ហុច​១​ទៀត​មក​ឲ្យ​អញ តែ​កូន​ឆ្លើយ​តប​ថា មាន​តែ​ប៉ុណ្ណឹង​ទេ នោះ​ប្រេង​ក៏​ឈប់​ហូរ​ទៅ

7 នាង​ក៏​ទៅ​ជំរាប​ដល់​អ្នក​សំណប់​របស់​ព្រះ ហើយ​លោក​ប្រាប់​ថា ចូរ​យក​ប្រេង​នោះ​ទៅ​លក់ សង​បំណុល​គេ​ទៅ ឯ​ចំណែក​ដែល​សល់​នៅ នោះ​ចូរ​ទុក​ចិញ្ចឹម​ខ្លួន និង​កូន​ចុះ។

ហោរា​អេលី‌សេ​នៅ​ភូមិ​ស៊ូណែម

8 មាន​កាល​១​ថ្ងៃ​ទៀត អេលី‌សេ​បាន​ដើរ​ទៅ​ឯ​ក្រុង​ស៊ូណែម រីឯ​នៅ​ទី​នោះ​មាន​ស្ត្រី​អ្នក​ធំ​ម្នាក់ នាង​បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ រួច​មក​វេលា​ណា​ដែល​លោក​ទៅ​តាម​ទី​នោះ លោក​តែង‌តែ​ចូល​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​នាង

9 នាង​ក៏​និយាយ​នឹង​ប្ដី​ថា មើល ខ្ញុំ​យល់​ឃើញ​ថា មនុស្ស​ដែល​តែង​ធ្លាប់​មក​ផ្ទះ​យើង ជា​ញយៗ​នេះ លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ

10 សូម​ឲ្យ​យើង​ធ្វើ​បន្ទប់​១​តូច នៅ​លើ​ជញ្ជាំង ព្រម​ទាំង​ដាក់​គ្រែ តុ កៅអី និង​ជើង‌ទៀន សំរាប់​លោក​ផង ដូច្នេះ កាល​ណា​លោក​មក​ផ្ទះ​យើង នោះ​នឹង​នៅ​ក្នុង​បន្ទប់​នោះ

11 ក្រោយ​មក មាន​កាល​១​ថ្ងៃ​លោក​ក៏​មក​ដល់ ហើយ​ចូល​ទៅ​សំរាន្ត​ក្នុង​បន្ទប់​នោះ

12 លោក​ប្រាប់​កេហាស៊ី ជា​អ្នក​បំរើ​លោក​ថា ចូរ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក កាល​បាន​ហៅ​ស្ត្រី​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ចំពោះ​លោក

13 រួច​លោក​ប្រាប់​អ្នក​បំរើ​ថា ចូរ​និយាយ​នឹង​នាង​ថា មើល នាង​បាន​ចាត់‌ចែង​គោរព​ដល់​យើង​ជា​ច្រើន​ដល់​ម៉្លេះ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​យើង​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជំរាប​មេ‌ទ័ព​ធំ​ឲ្យ​នាង​ឬ​ទេ តែ​នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្តាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ

14 លោក​សួរ​ទៀត​ថា បើ​ដូច្នេះ តើ​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា កេហាស៊ី​ឆ្លើយ​ឡើង​ថា មើល​គាត់​គ្មាន​កូន​ទេ ហើយ​ប្ដី​ក៏​ចាស់​ផង

15 លោក​ប្រាប់​ថា ចូរ​ហៅ​នាង​មក​នេះ កាល​បាន​ហៅ​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ត្រង់​មាត់​ទ្វារ

16 ហើយ​លោក​ប្រាប់​ថា ដល់​កំណត់ ឆ្នាំ​ក្រោយ នោះ​នាង​នឹង​បាន​បី​កូន​ប្រុស​១ តែ​នាង​ឆ្លើយ​ថា ទេ លោក​ម្ចាស់ ជា​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​កុំ​កុហក​ដល់​នាង​ខ្ញុំ​ឡើយ។

17 ស្ត្រី​នោះ​ក៏​មាន​ទំងន់ ហើយ​ដល់​កំណត់​ឆ្នាំ​ក្រោយ នាង​សំរាល​បាន​កូន​ប្រុស​១ ដូច​ពាក្យ​ដែល​អេលី‌សេ​បាន​ប្រាប់

18 កាល​កូន​នោះ​បាន​ធំ​ឡើង​ហើយ នោះ​មាន​កាល​១​ថ្ងៃ​វា​ចេញ​ទៅ​ឯ​ឪពុក ដែល​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ច្រូត

19 នោះ​វា​ត្អូញ​ប្រាប់​ឪពុក​ថា ខ្ញុំ​ឈឺ​ក្បាល ខ្ញុំ​ឈឺ​ក្បាល​ណាស់ ឪពុក​បង្គាប់​ទៅ​អ្នក​បំរើ​ថា ចូរ​បី​វា​យក​ទៅ​ឲ្យ​ម្តាយ​វា​ទៅ

20 អ្នក​នោះ​ក៏​បី​យក​ទៅ​ឲ្យ​ម្តាយ ហើយ​វា​អង្គុយ​លើ​ភ្លៅ​ម្តាយ រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ស្លាប់​ទៅ

21 ម្តាយ​ក៏​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​ដំណេក​នៃ​អ្នក​សំណប់​របស់​ព្រះ ហើយ​បិទ​ទ្វារ​ចេញ​ទៅ

22 រួច​នាង​ស្រែក​ទៅ​ប្ដី​ថា សូម​ចាត់​បំរើ​ម្នាក់ និង​លា​១​មក​សិន ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ រួច​វិល​មក​វិញ

23 ប្ដី​តប​ថា ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ​ធ្វើ​អី នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ទេ តែ​នាង​ឆ្លើយ​ថា មិន​អី​ទេ

24 នាង​ក៏​ចង​កែប​លា រួច​បង្គាប់​អ្នក​បំរើ​ថា ចូរ​វាយ​ជំរត់​វា​ទៅ កុំ​បង្អង់​ឡើយ លើក​តែ​អញ​បង្គាប់ គឺ​យ៉ាង​នោះ​ដែល​នាង​ធ្វើ​ដំណើរ​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ នៅ​ត្រង់​ភ្នំ​កើមែល។

25 កាល​អ្នក​សំណប់​របស់​ព្រះ បាន​ឃើញ​នាង​មក​ពី​ចំងាយ នោះ​លោក​បង្គាប់​ទៅ​កេហាស៊ី ជា​អ្នក​បំរើ​ថា នុ៎ះន៏​ស្ត្រី​ស្រុក​ស៊ូណែម

26 ចូរ​រត់​ទៅ​ទទួល ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ទេ​ឬ តើ​ប្ដី​របស់​អ្នក​ជា​ទេ​ឬ ហើយ​កូន​របស់​អ្នក​ជា​ឬ​ទេ តែ​នាង​ឆ្លើយ​ថា ជា​ទេ

27 កាល​បាន​មក​ដល់​អ្នក​សំណប់​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នោះ​នាង​ក៏​ចាប់​ជើង​លោក កេហាស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណប់​របស់​ព្រះ​ឃាត់​ថា បណ្តោយ​តាម​នាង​ចុះ ពី​ព្រោះ​នាង​មាន​សេចក្តី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​នឹង​អញ ឥត​សំដែង​ឲ្យ​អញ​ដឹង​សោះ

28 នោះ​នាង​និយាយ​ឡើង​ថា តើ​នាង​ខ្ញុំ​បាន​សូម​កូន​ពី​លោក​ម្ចាស់​ឬ​ទេ តើ​នាង​ខ្ញុំ​មិន​បាន​សូម​ថា កុំ​បញ្ឆោត​នាង​ខ្ញុំ​ទេ​ឬ​អី

29 នោះ​លោក​បង្គាប់​កេហាស៊ី​ថា ចូរ​ក្រវាត់​ចង្កេះ​កាន់​ដំបង​របស់​អញ​ចេញ​ទៅ បើ​ជួប​នឹង​អ្នក​ណា​តាម​ផ្លូវ កុំ​ឲ្យ​គំនាប់​គេ​ឡើយ បើ​អ្នក​ណា​គំនាប់​ដល់​ឯង ក៏​កុំ​ឲ្យ​គំនាប់​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​អញ​នៅ​លើ​មុខ​កូន​នោះ​ទៅ

30 តែ​ម្តាយ​របស់​កូន​នោះ​និយាយ​ថា នាង​ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា នាង​ខ្ញុំ​មិន​ព្រម​ឃ្លាត​ចេញ​ពី​លោក​ទេ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​តាម​នាង​ទៅ

31 ឯ​កេហាស៊ី​គាត់​ក៏​ទៅ​មុន ហើយ​ដាក់​ដំបង​នៅ​លើ​មុខ​កូន តែ​គ្មាន​ឮ​សំឡេង កូន​ក៏​គ្មាន​ស្តាប់​អ្វី​ដែរ ដូច្នេះ គាត់​វិល​ទៅ​ជួប​នឹង​អេលី‌សេ​វិញ ជំរាប​ថា កូន​មិន​បាន​ភ្ញាក់​ទេ។

32 កាល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ក៏​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​ដំណេក​របស់​លោក

33 ដូច្នេះ លោក​ចូល​ទៅ​បិទ​ទ្វារ មាន​តែ​គ្នា​២​នាក់ ហើយ​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា

34 រួច​លោក​ឡើង​ទៅ​ពោប​លើ​កូន​នោះ ដាក់​មាត់​លោក​ទល់​នឹង​មាត់​វា ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​នៅ​លើ​ដៃ​ដែរ ក៏​សន្ធឹង​ខ្លួន​លើ​វា រួច​សាច់​កូន​នោះ​ក៏​ក្តៅ​ឧណ្ហ​ឡើង

35 នោះ​លោក​ក្រោក​ចេញ​ទៅ ដើរ​ចុះ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ឡើង​ទៅ​សន្ធឹង​ខ្លួន​លើ​វា​ទៀត ហើយ​វា​កណ្តាស់​៧​ដង រួច​បើក​ភ្នែក​ឡើង

36 ដូច្នេះ លោក​ហៅ​កេហាស៊ី​មក​បង្គាប់​ថា ចូរ​ទៅ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក គាត់​ក៏​ហៅ កាល​នាង​បាន​ចូល​មក​ដល់​ហើយ នោះ​លោក​ប្រាប់​ថា ចូរ​លើក​បី​កូន​នាង​ឡើង

37 នាង​ក៏​ចូល​ទៅ​ផ្តួល​ខ្លួន ក្រាប​ចុះ​ដល់​ដី នៅ​ទៀប​ជើង​លោក រួច​លើក​កូន​បី​ចេញ​ទៅ។

បបរ​មាន​ជាតិ​ពុល

38 ឯ​អេលី‌សេ លោក​ត្រឡប់​ទៅ​ឯ​ក្រុង​គីល‌កាល​វិញ​ទៀត ហើយ​មាន​អំណត់​នៅ​ក្នុង​ស្រុក​នោះ ឯ​ពួក​សិស្ស​របស់​ពួក​ហោរា គេ​អង្គុយ​ចំពោះ​មុខ​លោក ហើយ​លោក​បង្គាប់​អ្នក​បំរើ​ថា ចូរ​ដាក់​ថ្លាង​ធ្វើ​បបរ ឲ្យ​ពួក​សិស្ស​ហោរា​ទាំង​នេះ​ទៅ

39 មាន​ម្នាក់​ចេញ​ទៅ​រក​បន្លែ​ឯ​ទី​វាល ក៏​ឃើញ​វល្លិ​ព្រៃ ហើយ​បេះ​ផ្លែ​ពេញ​ថ្នក់​អាវ វិល​មក​កាប់​ជា​កង់ៗ ដាក់​ចុះ​ទៅ​ក្នុង​ថ្លាង ដ្បិត​គេ​មិន​បាន​ស្គាល់​ផ្លែ​នោះ​ទេ

40 រួច​គេ​ដួស​បបរ​នោះ​ឲ្យ​គ្រប់​គ្នា​បរិភោគ តែ​កាល​គេ​កំពុង​តែ​បរិភោគ នោះ​ក៏​ស្រែក​ឡើង​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ បបរ​នេះ​ពុល​ទេ ហើយ​គេ​បរិភោគ​ពុំ​បាន

41 តែ​លោក​ប្រាប់​ថា ដូច្នេះ ចូរ​យក​ម្សៅ​មក​ចុះ រួច​លោក​ក៏​ចាក់​ទៅ​ក្នុង​ថ្លាង ហើយ​ប្រាប់​ថា ចូរ​ដួស​ចែក​ឲ្យ​គេ​បរិភោគ​ទៅ នោះ​ក៏​គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។

ហោរា​អេលី‌សេ​ចែក​អាហារ​ដល់​មនុស្ស​មួយ​រយ​នាក់

42 នៅ​គ្រា​នោះ មាន​មនុស្ស​ម្នាក់ មក​ពី​ស្រុក​បាល-សា‌លីសា គាត់​យក​នំបុ័ង​ម្សៅ​ឱក​២០​ដុំ​ធ្វើ​ពី​ផល​ដំបូង និង​គួរ​ស្រូវ​ស្រស់ មក​ជូន​ដល់​អ្នក​សំណប់​របស់​ព្រះ នោះ​លោក​ប្រាប់​ថា ចូរ​ចែក​ឲ្យ​បណ្តា‌ជន​បរិភោគ​ទៅ

43 អ្នក​បំរើ​លោក​សួរ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ដាក់​តែ​ប៉ុណ្ណេះ ឲ្យ​មនុស្ស​១០០​នាក់​បរិភោគ​បាន តែ​លោក​បង្គាប់​ថា ចូរ​ចែក​ឲ្យ​គេ​បរិភោគ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​បរិភោគ​ឆ្អែត ហើយ​នឹង​នៅ​មាន​សល់​ផង

44 ដូច្នេះ គាត់​ក៏​ដាក់​ឲ្យ​គេ​បរិភោគ ហើយ​គេ​បាន​ឆ្អែត រួច​នៅ​មាន​សល់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25