18 តែក្នុងការនេះ សូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទផង គឺកាលចៅហ្វាយខ្ញុំប្របាទព្រយុងខ្លួនមកលើដៃខ្ញុំ ចូលទៅថ្វាយបង្គំក្នុងវិហារព្រះរីម៉ូនវេលាណា ហើយខ្ញុំប្របាទក៏ឱនខ្លួននៅក្នុងវិហារព្រះរីម៉ូន នោះសូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទ ពីការដែលឱនខ្លួននៅក្នុងវិហារព្រះរីម៉ូននោះផង
19 អេលីសេក៏និយាយថា អញ្ជើញទៅដោយសុខសាន្តចុះ ដូច្នេះ ណាម៉ាន់ក៏ចេញពីលោកទៅតាមផ្លូវបន្តិច។
20 ឯកេហាស៊ី ជាអ្នកបំរើរបស់អេលីសេ ជាអ្នកសំណប់របស់ព្រះ គាត់នឹកថា មើល ចៅហ្វាយអញបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ អញស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អញនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោកវិញ
21 ដូច្នោះ កេហាស៊ីក៏ទៅតាមណាម៉ាន់ កាលណាម៉ាន់ឃើញម្នាក់កំពុងរត់មកតាម នោះលោកក៏ចុះពីរទេះទៅទទួល ហើយសួរថា សុខសប្បាយទាំងអស់គ្នាទេឬ
22 គាត់ឆ្លើយថា សុខសប្បាយជាទេ តែចៅហ្វាយខ្ញុំបានចាត់ខ្ញុំឲ្យមកជំរាបលោកថា មើល មានមនុស្សកំឡោះ២នាក់ជាសិស្សនៃពួកហោរា ទើបនឹងមកដល់ ពីស្រុកភ្នំអេប្រាអិម ដូច្នេះ សូមលោកមេត្តាឲ្យប្រាក់១ហាប និងសំលៀកបំពាក់ ២បន្លាស់មកសំរាប់គេ
23 ណាម៉ាន់ឆ្លើយតបថា សូមឲ្យអ្នកបានសុខចិត្តយកដល់ទៅ២ហាបចុះ លោកក៏បង្ខំ រួចដាក់ប្រាក់២ហាបចុះក្នុងការុង២ ព្រមទាំងឲ្យអាវ២បន្លាស់ ដាក់ឲ្យអ្នកបំរើរបស់លោក២នាក់បានលីទៅខាងមុខកេហាស៊ី
24 លុះដល់ទៅភ្នំហើយ នោះគាត់យកដៃគេទៅដាក់ទុកក្នុងផ្ទះ រួចឲ្យគេទៅវិញ គេក៏ចេញទៅ