22 លោកទូលឆ្លើយថា មិនត្រូវប្រហារគេទេ តើនឹងវាយសំឡាប់ពួកឈ្លើយ ដែលចាប់ក្នុងការសង្គ្រាមឬអី សូមដាក់នំបុ័ង និងទឹកមក នៅមុខគេឲ្យបរិភោគវិញ រួចឲ្យត្រឡប់ទៅឯចៅហ្វាយគេទៅ
23 ដូច្នេះ ស្តេចក៏ចាត់ចែងភោជនាហារយ៉ាងច្រើនឲ្យគេ កាលគេបានបរិភោគរួចហើយ នោះទ្រង់លែងឲ្យទៅវិញ ហើយគេវិលត្រឡប់ទៅឯចៅហ្វាយខ្លួនទៅ ឯសាសន៍ស៊ីរីក៏លែងទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែលដោយពួកៗទៀត។
24 ក្រោយនោះមក បេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរីទ្រង់ក៏ប្រមូលកងទ័ពទាំងអស់ លើកឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
25 ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់អត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះទាល់តែក្បាលលា១លក់ថ្លៃ៨០រៀល ហើយអាចម៍ព្រាប១កំប៉ុងលក់ថ្លៃ៥រៀល
26 គ្រានោះ កាលស្តេចអ៊ីស្រាអែលទ្រង់កំពុងតែយាងនៅលើកំផែងក្រុង នោះមានស្ត្រីម្នាក់ស្រែកទូលទ្រង់ថា បពិត្រព្រះករុណា ជាព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង
27 តែទ្រង់មានព្រះបន្ទូលតបថា បើព្រះយេហូវ៉ាមិនជួយអ្នកទេ នោះធ្វើដូចម្តេចឲ្យយើងជួយបាន តើនឹងជួយដោយស្រូវពីទីលាន ឬដោយស្រាទំពាំងបាយជូរពីធុងឃ្នាបឬអី
28 ស្តេចក៏សួរស្ត្រីនោះថា តើអ្នកកើតមានអ្វី ស្ត្រីនោះទូលឆ្លើយថា នាងនេះបាននិយាយមកខ្ញុំម្ចាស់ថា ចូរឲ្យកូនឯងមកឲ្យយើងបរិភោគនៅថ្ងៃនេះ ហើយថ្ងៃស្អែកឡើង នោះយើងនឹងបរិភោគកូនអញវិញ