29 ដូច្នេះ ខ្ញុំម្ចាស់បានស្ងោរកូនខ្ញុំម្ចាស់ រួចយើងខ្ញុំបានបរិភោគទៅ លុះដល់ថ្ងៃក្រោយ ខ្ញុំម្ចាស់បាននិយាយទៅនាងថា ចូរយកកូនឯងមកឲ្យយើងបរិភោគទៀត តែគេបានយកកូនទៅលាក់ទុកវិញ
30 កាលស្តេចបានឮពាក្យ របស់ស្ត្រីនោះហើយ នោះទ្រង់ហែកព្រះពស្ត្រទ្រង់ ហើយកំពុងដែលទ្រង់យាងនៅលើកំផែងហួសទៅ នោះពួករាស្ត្រគេក្រឡេកមើលទៅឃើញថា ទ្រង់ស្លៀកសំពត់ធ្មៃខាងក្នុងជាប់នឹងអង្គទ្រង់
31 នោះទ្រង់មានព្រះបន្ទូលស្បថថា បើក្បាលអេលីសេ កូនសាផាត នៅជាប់លើខ្លួនវានៅថ្ងៃនេះ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងយើងយ៉ាងនោះវិញ ហើយលើសទៅទៀតផង។
32 ឯអេលីសេ លោកកំពុងតែអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ ហើយស្តេចទ្រង់ចាត់មនុស្សម្នាក់ពីចំពោះទ្រង់ ឲ្យទៅរកលោក តែមុនដែលអ្នកនោះមកដល់ នោះលោកមានប្រសាសន៍ទៅពួកចាស់ទុំថា សូមមើលបែបយ៉ាងណា ដែលកូនរបស់អ្នកសំឡាប់គេនេះ បានចាត់មនុស្សមកយកក្បាលខ្ញុំទៅ សូមចាំមើល កាលណាអ្នកនោះមកដល់ ឲ្យបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ តើមិនឮសូរជើងរបស់ចៅហ្វាយគេ មកតាមក្រោយទេឬ
33 កាលលោកកំពុងមានប្រសាសន៍ នឹងអ្នកទាំងនោះនៅឡើយ អ្នកនោះក៏ចុះមកដល់ និយាយថា មើល សេចក្តីវេទនានេះ មកពីព្រះយេហូវ៉ា តើត្រូវឲ្យយើងនៅចាំព្រះយេហូវ៉ាធ្វើអីទៀត។